បណ្តាញសង្គម

កូនកោះប៉ាគីស្ថាន ដែលផុសឡើងដោយរញ្ជួយដីកាលពីឆ្នាំ២០១៣ ឥឡូវត្រូវមហាសមុទ្រលេបយកទៅវិញបាត់ហើយ

(ប៉ាគីស្ថាន)៖ កូនកោះតូចមួយ ដែលផុសឡើងដោយសារ បាតុភូតរញ្ជួយផែនដី យ៉ាងកក្រើកកាលពីឆ្នាំ២០១៣ នៅប៉ាគីស្ថាន ឥឡូវនេះ ត្រូវបានមហាសមុទ្រឥណ្ឌា លេបយកទៅវិញហើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។ តាំងតែពីលេចឡើង នៅឆ្នាំ២០១៣ កូនកោះមានឈ្មោះថា ហ្សាល់ហ្សា កោះ (Zalzala Koh) ដែលស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន  ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ភ្ញៀវទេសចរ ព្រោះតែលក្ខណៈ នៃកំណើតដ៏ពិសេសរបស់វា  រួមទាំងការបញ្ចេញផ្សែង នៅលើផ្ទៃ របស់កូនកោះនោះ។

យ៉ាងណាមិញ ក្រោយមានវត្តមាន អស់រយៈពេលជិត ០៦ឆ្នាំនៅលើមហាសមុទ្រឥណ្ឌា ទីបំផុតវាបានលិចទៅ ក្រោមផ្ទៃសមុទ្រវិញហើយ។ ថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពមួយចំនួន ដែលបង្ហាញចាប់តាំង ការពុំទាន់មានវត្តមាន របស់កូនកោះ Zalzala Koh និងការចាប់លេចរូបរាងរបស់វា គឺនៅខែកញ្ញា ឆ្នាំ២០១៣ រួមជាមួយការលិចបន្តិចម្តងៗ  រហូតដល់លិបបាត់ទាំងស្រុង ទៅក្រោមផ្ទៃសមុទ្រ។

គួរជម្រាបថា កូនកោះខាងលើ គឺជាលទ្ធផលនៃគ្រោះរញ្ជួយដី ជាបន្តបន្ទាប់នៅខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីប៉ាគីស្ថាន កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានផ្តាច់ជីវិតមនុស្ សសរុបយ៉ាងតិច ៨២៥នាក់។ បើតាមក្រុមអ្នកជំនាញ និយាយឲ្យច្បាស់ទៅគឺវា  កកើតឡើង ពីគំនរដីនិងល្បាប់ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នា រវាងស្រទាប់ផ្ទៃតិចតូនិកអារ៉ាប់  និងស្រទាប់ផ្ទៃតិចតូនិកអឺរ៉ាស៊ី របស់ភពផែនដី៕

ដកស្រង់ពី៖ Fresh News