បណ្តាញសង្គម

តួលេខអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ ក្នុងគ្រោះថ្នាក់ឡានក្រុង នាភាគខាងជើងប្រទេសឥណ្ឌា

តួលេខអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ឡានក្រុងកាលពីព្រឹកថ្ងៃចន្ទ នាភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់២៩នាក់ហើយ ខណះអ្នករបួសមាន១៨នាក់ នេះបើតាមប្រភពរដ្ឋាភិបាលបញ្ជាក់។

គ្រោះថ្នាក់អកុសលនេះ បានកើតឡើងនៅពេលដែលឡានក្រុងដឹកអ្នកដំណើរមួយ ធ្វើដំណើរមកពីទីក្រុង Lucknow ឆ្ពោះទៅកាន់ទីក្រុង Delhi ដែលជាទីក្រុងធំរបស់រដ្ឋភាគខាងជើង Uttar Pradesh បានធ្លាក់ចុះប្រឡាយទឹកជម្រៅប្រមាណ៥០ហ្វីត នាម៉ោងព្រលឹមស្រាងៗព្រឹកថ្ងៃចន្ទ ក្នុងស្រុក Agra នៃរដ្ឋ Uttar Pradesh ។

ឡានក្រុងដែលមានសំណាងអាក្រក់នេះ ជាកម្មសិទ្ធសាជីវកម្មដឹកជញ្ជូនផ្លូវគោករបស់រដ្ឋ Uttar Pradesh ។ លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមរំលែកទុក្ខនៃការបាត់បង់អាយុជីវិតដ៏ច្រើនបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៏ ហើយថា រដ្ឋា-ភិបាលរដ្ឋ និងរដ្ឋបាលក្នុងតំបន់ គឺផ្តល់នូវរាល់ជំនួយតាមដែលអាចធ្វើបានទៅដល់ជនដែលរងគ្រោះ”។

ការងារជំនួយ និងសង្រ្គោះ បានត្រូវបញ្ចប់នាកន្លែងគ្រោះថ្នាក់។ រដ្ឋមន្រ្តីប្រចាំរដ្ឋ បានប្រកាសនូវជំនួយហិរញ្ញវត្ថុចំនួន ៥០ម៉ឺនរូពីឥណ្ឌា ប្រហែលជា៧.១៤៣ដុល្លារអាមេរិក ទៅដល់ក្រុមគ្រួសារអ្នកដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់អកុសលនោះ។ យោងតាមរបាយការណ៏បឋម គ្រោះថ្នាក់នោះ បានកើតឡើងដោយសារតែអ្នកបើករឡានក្រុង ងងុយដេក។

រដ្ឋមន្រ្តីប្រចាំរដ្ឋ បានថ្លែងក្នុងគណនី twitter ថា លោក បានចាត់ចែងក្រុមការងារ ដែលមាន សមាជិក៣នាក់ ដើម្បីពិនិត្យរកមើលបុព្វហេតុនៃគ្រោះថ្នាក់នោះ ហើយធានាថា គ្រោះថ្នាក់អកុសលបែបនេះ នឹងមិនកើតមានឡើងជា ដាច់ខាត នាពេលអនាគត នេះបើតាមការផ្សាយរបស់កាសែតស៊ិនហួរ កាលពីថ្ងៃអង្គារ៍។