បណ្តាញសង្គម

ក្រោយបែកធ្លាយសារតិះដៀលម្ចាស់ផ្ទះពីក្រោយខ្នង ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាមេរិក «លាលែងពីតំណែង»

  (វ៉ាស៊ីនតោន)៖ ទីបំផុតឯកអគ្គរាជទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក គីម ដារ៉ូច (Kim Darroch) បានសម្រេចចិត្តថា  នឹងចុះចេញពីតំណែង របស់លោកហើយ ក្រោយពីបែកធ្លាយសារសម្ងាត់ ដែលលោកបាននិយាយរិះគន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ ក៏ទើបបញ្ចេញប្រតិកម្ម តបនឹងសាររបស់លោក ដារ៉ូច រួចថ្មីៗនេះផងដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។ លោក គីម ដារ៉ូច បានបញ្ជាក់ នៅពេលធ្វើការសម្រេចចិត្ត លាលែងពីតំណែងយ៉ាងដូច្នេះថា លោកចង់បញ្ចប់តួនាទីខ្លួនឯង ព្រោះវាមិនអាចទៅរួចនោះឡើយ សម្រាប់លោក នៅក្នុងការបន្ តកាន់តួនាទីក្នុងស្ថានការណ៍បែបនេះ។

ការិយាល័យ ក្រសួងការបរទេសអង់គ្លេស ក៏បានបញ្ជាក់ផងដែរថា លោក ដារ៉ូច នឹងធ្វើការលែងជាផ្លូវការនៅថ្ងៃពុធ ទី១០ ខែកក្កដា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា  «អគ្គរាជទូតលោក Darroch មិនបានធ្វើកិច្ចការ ឬរឿងល្អណាមួយឱ្យអង់គ្លេស ទាល់តែសោះ... នេះជាអ្វីដែលខ្ញុំចង់ប្រាប់ អ្នកទាំងអស់គ្នា។ យើងក៏មិនមែន ជាអ្នកគាំទ្រដ៏ធំ របស់បុរសម្នាក់នេះដែរ គាត់មិនដែលធ្វើរឿងល្អ សម្រាប់អង់គ្លេសទេ ហើយខ្ញុំអាចនិយាយ  រឿងជាច្រើន ពីបុរសម្នាក់នេះ តែខ្ញុំនឹងមិនខ្វាយខ្វល់អ្វីឡើយ»។

ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយសារព័ត៌មាន អាមេរិកនានា នាំគ្នាចុះផ្សាយថា លោក Darroch បានហៅ និងចាត់ទុកប្រធានាធិបតី អាមេរិករូបនេះជា «មនុស្សគ្មានសមត្ថភាព និងភាពប្រាកដប្រជា»។ លោក Darroch លើកឡើងបែបនេះ នៅក្នុង សារសំងាត់ជាច្រើន ចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើ ចេញពីសហរដ្ឋអាមេរិក  ទៅកាន់ ក្រសួងការបរទេសអង់គ្លេស។

ទន្ទឹមគ្នានោះ ក្រសួងការបរទេសអង់គ្លេស ក៏បានបើកការស៊ើបអង្កេត លើការលេចធ្លាយសារ ទាំងនេះផងដែរ៕

ដកស្រង់ពី៖ Fresh News