បណ្តាញសង្គម

មនុស្សម្នាក់ស្លាប់ និងរាប់រយនាក់ត្រូវជម្លៀស ក្រោយគ្រោះរញ្ជួយដី ៧.៣រ៉ិចទ័រ វាយប្រហារ លើកោះ Maluku ប្រទេសឥណ្ឌូណេស៊ី

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងរាប់រយនាក់ ផ្សេងទៀត ត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ វាយប្រហារកោះដាច់ស្រយាល Maluku នៃភាគខាងកើតប្រទេស កាលពីថ្ងៃអាទិត្យ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមទីភ្នាក់ងារ ឃ្លំាមើលគ្រោះរញ្ជួយដី អាមេរិក USGS គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារ តំបន់នៅចំងាយ ១៦៥គីឡូម៉ែត្រ ពីភាគនិរតី ទីក្រុង Ternate នៃខេត្ត Maluku ខាងជើង នៅម៉ោង ៦៖២៨នាទីល្ងាច កាលពីថ្ងៃអាទិត្យ។

គួរជម្រាបថា ឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាហេតុ  ធ្វើឱ្យប្រទេសមួយនេះ ជួបគ្រោះរញ្ជួយដី ធ្ងន់ធ្ងរជាញឹញប់។ ជាក់ស្ដែង កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Palu នៅលើកោះ Sulawesi ដោយផ្ដាច់ជីវិតមនុស្ស ច្រើនជាង ២,២០០នាក់៕

Fresh News