បណ្តាញសង្គម

ផ្ទុះការតវ៉ាករណីរដ្ឋាភិបាលបង់ក្លាដែស ដំឡើងថ្លៃហ្គាសរហូតដល់ជិត៣៣%

 ដាកា៖ បាតុករបង់ក្លាដែស រាប់សិបនាក់ បានធ្វើការតវ៉ាប្រឆាំង នឹងការសម្រេចចិត្តភ្លាមៗ របស់រដ្ឋាភិបាលបង់ក្លាដែស  ក្នុងការដំឡើង ថ្លៃឧស្ម័នធម្មជាតិ ខ្ពស់ខុសពីធម្មតា។

ប្រការនេះ បានបង្កឲ្យមានការប៉ះទង្គិកគ្នា រវាងបាតុករ ជាមួយមន្ត្រីប៉ូលីស កាលពីថ្ងៃអាទិត្យ សប្តាហ៍មុខនេះ នៅក្នុងរដ្ឋធានីដាកា ផ្ទាល់តែម្តង។ នេះបើយោងតាមចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

កាលពីខែមិថុនា គណៈកម្មការគ្រប់គ្រងថាមពល បង់ក្លាដែសបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃ ឧស្ម័នធម្មជាតិ ៣២.៨% បន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកក្តដា ដែលជាថ្ងៃដំបូង នៃឆ្នាំសារពីពន្ធ របស់ប្រទេសនេះ។

ជាការឆ្លើយតប ក្រុមសម្ព័ន្ធ ប្រជាធិបតេយ្យ បែបឆ្វេងនិយមហៅកាត់ថា LDA ដែលបានរៀបចំ បាតុកម្មតវ៉ានេះ បានរៀបចំក្បួនតវ៉ា  ហើយជាលទ្ធផល យ៉ាងហោចណាស់ សមាជិករបស់ LDA ចំនួន ១៥នាក់ បានរងរបួសក្នុងការប្រឈមមុខ ជាមួយប៉ូលីស។

បើតាមសម្តីសមាជិកម្នាក់របស់ LDA បាននិយាយថា «យើងបានព្យាយាម ដើរទៅកាន់ទីស្នាក់ការ របស់ក្រសួងថាមពល  ដើម្បីលើកឡើង នូវការព្រួយបារម្ភ របស់យើង ចំពោះបញ្ហានៃការឡើងថ្លៃ ប្រេងឥន្ធនៈ ប៉ុន្តែប៉ូលិសបានធ្វើការរារាំង និងបានប៉ះទង្គិតគ្នា ជាមួយពួកយើង»។

ដោយឡែក ខាងភាគីប៉ូលីសវិញ បាននិយាយថា មន្រ្តីប៉ូលីសគ្រាន់តែបានព្យាយាម រារាំងក្រុមអ្នកតវ៉ា កុំឱ្យឆ្លងរបាំងប៉ុណ្ណោះ  ហើយថាគ្មាននរណាម្នាក់ រងរបួសក្នុងហេតុការណ៍នោះទេ»។

គួររំលឹកការថ្លែង ពីសំណាក់នាយករដ្ឋមន្ត្រី បង់ក្លាដែស លោកស្រី ហ្សេក ហាស៊ីណា (Sheikh Hasina) កាលពីសប្តាហ៍មុនថា  ការដំឡើងថ្លៃហ្គាស គឺជាកត្តាចាំបាច់ណាស់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រទេសជាតិ ដែលកំពុងជួបប្រទះនូវឱនភាព៕

ដកស្រង់ពី៖ Fresh News