បណ្តាញសង្គម

ព្រោះអាមេរិកមិនព្រមដកការរឹតត្បិតទាំងស្រុង ក្រុមហ៊ុន Huawei ត្រៀមកាត់បន្ថយបុគ្គលិករាប់រយនាក់នៅអាមេរិក

(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ចិន Huawei មានគំរោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ នៅតាមសាខារបស់ខ្លួន មួយចំនួន នៅក្នុង សហរដ្ឋអាមេរិក ដោយសារតែការបន្តដាក់ ក្រុមហ៊ុនយក្សនេះ នៅក្នុងបញ្ជីខ្មៅ ពីសំណាក់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Wall Street Journal នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។ រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដែលជាការហាម មិនឱ្យធ្វើពាណិជ្ជកម្ មជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អាមេរិកដូចជា Google នៅក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនចិនមួយនេះ មានទំនាក់ទំនងជិតស្និទ្ធ  និងស៊ើបការណ៍ ឱ្យទីក្រុងប៉េកាំង។

ប៉ុន្តែ Huawei បានទាត់ចោលការប្រកាន់តែនេះ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់ក៏បានបន្ធូរបន្ថយ ការរឹតត្បិតខ្លះផងដែរ ក្រោយជួបលោក ស៊ី ជិនពីង នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន កាលពីចុងខែមិថុនាកន្លងទៅ។ តែយ៉ាងនេះក្ដី បើតាមសារព័ត៌មានអាមេរិក Wall Street Journal អាជ្ញាធរអាមេរិក នៅតែបង្គាប់ឱ្យ ភ្នាក់ងាររបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា យក្សចិននេះ ដដែល។

Wall Street Journal ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ជាការឆ្លើយតបនឹងការរឹតត្បិតដដែលនេះ ទើបក្រុមហ៊ុន Huawei សម្រេចចិត្ តកាត់បន្ថយចំនួន បុគ្គលិកនៅតាមសាខា ក្នុងសហរដ្ឋអាមេរិក រួមមានទាំងក្រុមហ៊ុន Futurewei Technologies ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Futurewei Technologies មានបុគ្គលិកកំពុងបម្រើការ ៨៥០នាក់ ប៉ុន្តែក្នុងចំណោមពួកគេ រាប់រយនាក់  អាចនឹងត្រូវ ជម្រុះចោល ខណៈបុគ្គលិកជាជាតិចិន អាចនឹងត្រូវអនុញ្ញាត ឱ្យមកធ្វើការនៅ ប្រទេសចិនវិញ។

យ៉ាងណាក៏ដោយ ការសម្រេចរបស់ Huawei ដែលនឹងធ្វើឲ្យជនជាតិអាមេរិក រាប់រយនាក់បាត់បង់ការងារធ្វើ នេះ អាចនឹងជះឥទ្ធិពល ដល់ការសម្រេចចិត្ តបន្ថែមទៀត របស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ជាក់ជាមិនខាន៕

ដកស្រង់ពី៖ Fresh News