បណ្តាញសង្គម

អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ ដែលថាចាប់បានបណ្តាញគិញសម្ងាត់ CIA អាមេរិក១៧នាក់ នៅក្នុងទឹកដីអ៊ីរ៉ង់

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃចន្ទនេះ បានច្រានចោល សេចក្តីប្រកាសរបស់ អ៊ីរ៉ង់ ដែលថាពួកគេ ចាប់បានគិញសម្ងាត់ ចំនួន១៧នាក់ ដែលធ្វើការងារ ឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។ ទីក្រុងតេហេរ៉ង់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានអះអាងថា បណ្តាញគិញសម្ងាត់នោះ ត្រូវបង្រ្កាបបានក្នុងចន្លោះពេល ១២ខែ គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ។

សេចក្តីប្រកាសបែបនេះ ក៏ធ្លាប់កើតដែរនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលើកនេះ គឺចំពេលដែល អ៊ីរ៉ង់កំពុងមានភាពតានតឹង ជាមួយប្រទេសលោកខាងលិច។ អ៊ីរ៉ង់ថែមទាំងបានបញ្ជាក់ថា ជនសង្ស័យមួយចំនួន ត្រូវបាន កាត់ទោសប្រហារជីវិតទៀតផង។

ជាការឆ្លើយតប លោក Pompeo បានលើកឡើងដូច្នេះថា «របបដឹកនាំអ៊ីរ៉ង់ គឺមានប្រវត្តិនិយាយកុហក បំភ្លៃការពិតជាយូរណាស់ មកហើយ ដូច្នេះខ្ញុំមិនសូវខ្វល់ និងមិនសូវជឿជាក់ប៉ុន្មាននោះឡើយ ចំពោះការអះអាងមួយចំនួនធំ របស់ទីក្រុងហេរ៉ង់»។

គួរជម្រាបថា ប្រទេសទាំងពីរ កំពុងមានភាពតានតឹងជាមួយគ្នាខ្លាំង ជុំវិញបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធហេតុការណ៍កន្លងទៅ ថ្មីៗនេះ នៅឯតំបន់ច្រកសមុទ្រ Hormuz៕

ដកស្រង់ពី៖ Fresh News