បណ្តាញសង្គម

រដ្ឋមន្ត្រីអ៊ីស្រាអែល៖ យើងជាប្រទេសតែមួយគត់ ដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់

 (អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ ថ្នាក់តំបន់ អ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា បច្ចុប្បន្នមានតែអ៊ីស្រាអែលមួយគត់ ដែលហ៊ានសម្លាប់ជនជាតិ អ៊ីរ៉ង់ ខណៈភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅកាន់តែខ្លាំង។

នេះបើតាម ការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Middleeast Monitor នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។ លោក Tzachi Hanegbi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ នៅក្នុងស្រុកមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។

លោក Hanegbi បានគូសបញ្ជាក់ នាឱកាសនោះ ដូច្នេះថា៖ «ក្នុងរយៈពេលជាង២ឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ អ៊ីស្រាអែល គឺជាប្រទេស តែមួយគត់ នៅលើពិភពលោក ដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់ តាមរយៈការវាយប្រហារតាម ផ្លូវអាកាសលើមូលដ្ឋានអ៊ីរ៉ង់រាប់រយលើកនៅក្នុងប្រទេសស៊ីរី»។

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរ ថាតើហេតុអ្វីបានជាអ៊ីរ៉ង់ មិនវាយប្រហារលើ អ៊ីស្រាអែលវិញ លោក Hanegbi បានឆ្លើយថា អ៊ីរ៉ង់មិនមានសមត្ថភាព វាយប្រហារលើអ៊ីស្រាអែលឡើយ ហើយទីក្រុង តេហេរ៉ង់ក៏ដឹងយ៉ាងច្បាស់ដែរថា អ៊ីស្រាអែលជានរណា។

គួរជម្រាបថា អ៊ីស្រាអែល បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសជាច្រើនលើក លើមូលដ្ឋានកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយបានផ្ដាច់ជីវិតកងកម្លាំងអ៊ីរ៉ង់ មួយចំនួនផងដែរ។ ប៉ុន្តែ ក្រៅតែពីការព្រមាន អ៊ីរ៉ង់មិនបានធ្វើការ តបយ៉ាងម៉ឺងម៉ាត់ណាមួយ លើអ៊ីស្រាអែលវិញនោះទេ៕

 ដកស្រង់ពី៖ Fresh News