បណ្តាញសង្គម

លោក ដូណាល់ ត្រាំ ចាប់ចំចំណុចខ្សោយធំមួយរបស់ម៉ិចស៊ីកូ ទើបអាចបង្ខំឲ្យប្រទេសនេះដោះស្រាយបញ្ហាជនអន្តោប្រវេសន៍

(ម៉ិចស៊ីកូស៊ីធី)៖ បើតាមក្រុមអ្នកវិភាគម៉ិចស៊ីកូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺកំពុងតែប្រើប្រាស់ ចំណុចខ្សោយធំមួយ របស់ប្រទេសម៉ិចស៊ីកូ នោះគឺការពឹងផ្អែក លើការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក  ទៅលើកកម្ពស់នយោបាយ ប្រឆាំងជនអន្តោប្រវេសន៍ របស់លោក ជាមួយគោលដៅ ស្វែងរកសំឡេងគាំទ្រក្នុងប្រទេស ដើម្បីជាប់ឆ្នោត នៅអាណត្តិទីពីរទៀត។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។ កន្លងមកនេះលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធ លើទំនិញនាំចូលពីម៉ិចស៊ីកូ ប្រសិនបើប្រទេសជិតខាងខ្លួនមួយនេះ មិនប្រើប្រាស់ចំណាត់ការក្តៅ  ដើម្បីទប់ស្កាត់ លំហូរជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្តាល ដែលឆ្ពោះទៅរកព្រំដែន សហរដ្ឋអាមេរិកទេនោះ។

ក្រោយមកចាប់តាំងពី ប្រទេសទាំងពីរបានចរចា និងសម្រេចបានកិច្ចព្រមព្រៀងមួយ ស្តីពីបញ្ហានេះ ជនជន្តោប្រវេសន៍ ជាច្រើននាក់ ត្រូវបានឃុំខ្លួននៅម៉ិចស៊ីកូ។ បើតាមក្រុមអ្នកជំនាញម៉ិចស៊ីកូ កិច្ចព្រមព្រៀងខាងលើ ត្រូវសម្រេចបាន ដោយអាមេរិក មានប្រៀបខ្ពស់ជាងម៉ិចស៊ីកូ ព្រោះតែអាមេរិកដឹងថា ការដំឡើងពន្ធរបស់ខ្លួន លើទំនិញគ្រប់មុខរបស់ប្រទេសម៉ិចស៊ីកូ  ដែលមានសេដ្ឋកិច្ ចពឹងផ្អែកធំធេង លើការនាំចេញផលិតផល ទៅកាន់សហរដ្ឋអាមេរិក នឹងបង្ខំឲ្យម៉ិចស៊ីកូ គ្មានជម្រើសអ្វី ក្រៅតែយល់ព្រម ចរចាជាមួយ ទីក្រុងវ៉ាស៊ីនតោន ទាំងភ័យខ្លួននោះឡើយ។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីៗនេះ អាជ្ញាធរម៉ិចស៊ីកូ បានចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ ខុសច្បាប់ជិត ៣០,០០០នាក់ កាលពីកំឡុងខែមិថុនា។ វាគឺជាតួលេខប្រចាំខែច្រើនបំផុត មិនធ្លាប់មានឡើយ គិតចាប់តាំងពីឆ្នាំ២០០១។

អ្នកជំនាញនៅម៉ិចស៊ីកូ បានគូសបញ្ជាក់ថា ខណៈលោក ត្រាំ បានបំប៉ោងវិបត្តិ ជនអន្តោប្រវេសន៍  ដើម្បីបម្រើផលប្រយោជន៍ នយោបាយរបស់ខ្លួន ក្រោមគោលដៅឆ្ពោះទៅរក ការទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ ម៉ិចស៊ីកូបានក្លាយខ្លួន ដូចជាជញ្ជាំងយក្សដ៏ធំមួយ ដែលលោក ត្រាំ ចង់កសាងឡើង ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍យ៉ាងដូច្នោះ៕

ដកស្រង់ពី៖ Fresh News