បណ្តាញសង្គម

អ៊ីរ៉ង់ទើបបាញ់តេស្តគ្រាប់មីស៊ីលផ្លោងជាថ្មី ខណៈស្ថានការណ៍កំពុងតានតឹង, នេះបើតាមការជឿជាក់របស់អាមេរិក

 (អាមេរិក)៖ សហរដ្ឋអាមេរិក មានការជឿជាក់ថា កាលពីល្ងាចថ្ងៃពុធ សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ៊ីរ៉ង់បានធ្វើតេស្ តគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាអាចហោះបាន ១,០០០គីឡូម៉ែត្រ និងត្រូវបានកងទ័ពអាមេរិកអះអាងថា ជាប្រភេទហ្សាបាអាប់ ៣ (Shabaab-3) ប៉ុន្តែវាមិនបានបង្ក ការគំរាមកំហែងណាមួយ ទៅដល់មូលដ្ឋានទ័ពអាមេរិកនានា នៅក្នុងតំបន់ មជ្ឈិមបូព៌ានោះឡើយ។

នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។ ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលអ៊ីរ៉ង់ខាងលើនេះ ត្រូវបានបាញ់ចេញពី តំបន់មួយស្ថិតនៅភាគខាងត្បូងទឹកដីអ៊ីរ៉ង់ ហើយបានធ្លាក់នៅតំបន់មួយទៀត ដែលស្ថិតនៅជាយឆ្ងាយ ពីរដ្ឋធានីតេហេរ៉ង់។

មន្ត្រីយោធាអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះបាន បញ្ជាក់ថា ពួកគេកំពុងតែមានការព្រួយបារម្ភ ចំពោះការបាញ់មីស៊ីល  សាកល្បងរបស់អ៊ីរ៉ង់ ប៉ុន្តែក្រោយព័ត៌មានបរទេស បានផ្សព្វផ្សាយជាច្រើនអំពីរឿងនេះ គេក៏មិនទាន់ឃើញ របបដឹកនាំអ៊ីរ៉ង់ ធ្វើការឆ្លើយតបនៅឡើយដែរ។

គួរបញ្ជាក់ថា ភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសច្រើនសមុទ្រហ័រមូស (Hormuz) ជាប់ឆ្នេរសមុទ្រអ៊ីរ៉ង់ បានប្រែក្លាយ កាន់តែតានតឹង ដោយក្រោយពីឆ្មាំ ការពារដែនសមុទ្រអ៊ីរ៉ង់ ចាប់ឃាត់ទុកនាវាដឹកប្រេងមួយគ្រឿង ដែលដោតទង់ជាតិ អង់គ្លេសឈ្មោះ ស្ទេណា អ៊ីមភែរ៉ូ (Stena Impero) ដោយបានប្រកាន់ចោទថា នាវានោះបានរំលោភច្បាប់ដែនសមុទ្រអន្តរជាតិ ប៉ុន្តែអាមេរិក និងសម្ព័ន្ធមិត្តវិញបាន អះអាងថា វាជាទង្វើសងសឹកទៅនឹងការចាប់ឃាត់ទុក នាវាដឹកប្រេងធំមួយរបស់អ៊ីរ៉ង់ ដោយអាជ្ញាធរអង់គ្លេសកាលពីមុននេះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News