បណ្តាញសង្គម

ប្រធានអង្គការសហប្រជាជាតិ "សោកសៅ" ចំពោះការស្លាប់របស់ជនចំណាកស្រុកចំនួន ១៥០នាក់ ដោយលង់ទឹកក្នុងការលិចកប៉ាល់នៅឆ្នេរសមុទ្រប្រទេសលីប៊ី

អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ Antonio Guterres បានសោកសៅយ៉ាងជ្រាលជ្រៅចំពោះដំណឹងដែលថា មានជនភៀសខ្លួន និងចំណាកស្រុកប្រហែល១៥០នាក់ បានស្លាប់

បាត់បង់ជីវិត បន្ទាប់ពីកប៉ាល់ដែលពួកគេជិះ បានលិចក្បែរឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី កាលពីថ្ងៃ២៥ កក្កដា នេះបើតាមមន្រ្តីនាំពាក្យ UN ប្រាប់កាលពីថ្ងៃសុក្រ។

មន្រ្តីនាំពាក្យរងរបស់លោក Guterres បានថ្លែងក្នុងសេចក្តីថ្លែងការណ៏ថា អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ក៏មានក្តីកង្វល់ផងដែរពីរបាយការណ៏ដែលថា មានអ្នករស់រានមានជីវិតជាច្រើន ត្រូវបាន ជួយសង្រ្គោះដោយឆ្មាំការពារឆ្នេរលីប៊ី ហើយត្រូវបានគេនាំយកទៅស្នាក់នៅមជ្ឍមណ្ឌលឃុំឃាំងជនចំណាកស្រុក Tajoura ដែលនៅជិតនឹងកន្លែងយោធា ហើយធ្លាប់ត្រូវបានប៉ះទង្គិចដោយការវាយប្រហារតាមអាកាស កាលពីថ្ងៃ២កក្កដា ដែលជាលទ្ធផលមានមនុស្សច្រើនជាង៥០នាក់ បានស្លាប់។

អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា លីប៊ី មិនមែនជាប្រទេសមានសុវត្ថិភាពមួយសម្រាប់ការជ្រកកោន ហើយថាជនភៀសខ្លួន ត្រូវតែទទួលស្វាគមន៍ដោយសេចក្តីថ្លែថ្នូរ និងការគោរព អនុលោមតាមច្បាប់អន្តរជាតិ។

ដោយសារតែសភាពអសន្តិសុខ និងចលាចល បន្ទាប់ការបះបោរឆ្នាំ ២០១១ ដើម្បីផ្តួលរលំរបបមេដឹកនាំចុងក្រោយ Muammar Gaddafi មក ប្រទេសលីប៊ី បានក្លាយជាចំណុចអាទិភាពនៃការចាកចេញសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់រាប់សិបពាន់នាក់ ដែលចង់ឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ានេ ឆ្ពោះទៅកាន់ឆ្នេរប៉ែកអឺរ៉ុប។

លក្ខខណ្ឌអាកាសធាតុដ៏ប្រសើរ បានបង្កើននូវលំហូរជនអន្តោ-ប្រវេសន៍ខុសច្បាប់ទៅកាន់ទ្វីបអឺរ៉ុប ជាពិសេសនៅក្បែរឆ្នេរសមុទ្រលីប៊ីខាងលិច នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។




ដកស្រង់ចេញពីXinhua News

ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម ម៉ូលិដា