បណ្តាញសង្គម

អង់គ្លេសបន្ថែមនាវាចម្បាំងមួយគ្រឿងទៀត ទៅកាន់ឈូងសមុទ្រពែក ខណៈអ៊ីរ៉ង់នៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេង

(ឡុងដ៍)៖ កន្លងមកចក្រភពអង់គ្លេស មាននាវាចម្បាំង តែមួយគ្រឿងប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការ នៅតំបន់ឈូងសមុទ្រពែក  ប៉ុន្តែនាពេលនេះ នាវាចម្បាំងមួយគ្រឿងទៀត ត្រូវបានបញ្ជូន ទៅដល់តំបន់នោះ ក្រោយកប៉ាល់ដឹកប្រេង អង់គ្លេសមួយគ្រឿង ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ចាប់ឃាត់ទុក ជាងមួយសប្តាហ៍មកហើយ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា នាវាពិឃាត HMS ដាន់ខេន (HMS Duncan) បានធ្វើដំណើរទៅដល់ ឈូងសមុទ្រពែកហើយ ដើម្បីអមដំណើរ កប៉ាល់ស៊ីវិល របស់ចក្រភពអង់គ្លេស ដែលឆ្លងកាត់តំបន់នោះ។

នាវាពិឃាត HMS Duncan ត្រូវបានកំណត់ថា នឹងធ្វើប្រតិបត្តិការ នៅឈូងសមុទ្រពែក ជាមួយនាវាចម្បាំង HMS ម៉ុនត្រូស (HMS Montrose) ដែលត្រូវបានចល័ត ទៅកាន់ទីនោះ កាលពីជិតបីសប្តាហ៍មុន រហូតដល់ចុងខែសីហា ហើយនឹងត្រូវជំនួសដោយនាវាចម្បាំង មួយគ្រឿងទៀតឈ្មោះ HMS ខេន (HMS Kent)។

គួរជម្រាបថា កងកម្លាំងយោធាអ៊ីរ៉ង់ បានរឹបអូសយកកប៉ាល់ ដឹកប្រេងអង់គ្លេស ស្ទេណា អ៊ីភែរ៉ូ (Stena Impero) នៅច្រកសមុទ្រហ័រមូស (Hormuz) ដែលនៅ ចន្លោះឈូងសមុទ្រពែក និងឈូងសមុទ្រអូម៉ង់ ក្រោមហេតុផលថា កប៉ាល់នោះបានបំពានច្បាប់ដែនសមុទ្រអន្តរជាតិ។

ប៉ុន្តែបើតាមមើលទៅ វាទំនងជាការសងសឹក ចំពោះទង្វើរបស់អង់គ្លេស ដែលបានចាប់ឃាត់ទុក កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅឯច្រកសមុទ្រ ជីប្រាល់តា (Gibraltar) ក្រោមហេតុផលថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News