បណ្តាញសង្គម

អាមេរិកអាចលើកលែងដល់រោងចក្រនុយក្លេអ៊ែរ៥នៅអ៊ីរ៉ង់ ដើម្បីកុំឲ្យទណ្ឌកម្មធ្លាក់លើរុស្ស៊ី ចិន និងប្រទេសអឺរ៉ុបមួយចំនួនទៀត

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន ប្រហែលជានឹង ប្រកាសផ្តល់ការលើកលែងបន្តទៀត សម្រាប់កម្មវិធី រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួន 0៥របស់អ៊ីរ៉ង់ បើពុំដូច្នោះទេ អាមេរិកនឹងត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី ចិន ព្រមទាំងប្រទេសមួយចំនួន នៅអឺរ៉ុប ជុំវិញកិច្ចសហប្រតិបត្តិការ ផ្នែកថាមពលនុយក្លេអ៊ែរ ជាមួយទីក្រុងតេហរ៉ង់ជាមិនខាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក The Washington Post នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមប្រភពព័ត៌មាន ដែលកាសែត Washington Post ទទួលបាន បញ្ហាខាងលើ ត្រូវបានលើកយកមកពិភាក្សា  កំឡុងជំនួបរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) នៅសេតវិមានកាល ពីសប្តាហ៍មុន។

នាឱកាសនោះ លោក Mnuchin បានប្រាប់លោក ត្រាំ ថា ប្រសិនបើមិនសម្រេច បន្តការលើកលែងទណ្ឌកម្មជាថ្មីម្តងទៀត ឲ្យ បាននៅត្រឹមថ្ងៃទី០១ ខែសីហាទេនោះ សហរដ្ឋអាមេរិកនឹងត្រូវតែដាក់ទណ្ឌកម្ មលើក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុប ទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធ ក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសអ៊ីរ៉ង់។គម្រោងទាំងនេះ ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងផ្នែកនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។

បើតាមប្រភពដដែល ទោះជាយ៉ាងណា ការសម្រេចចុងក្រោយ កំពុងស្ថិតក្រោមការពិចារណានៅឡើយ ហើយក្រសួងហិរញ្ញវត្ថុអាមេរិក  ក៏កំពុងតែគិតគូរអំពីឥទ្ធិពល ដែលអាចកើតចេញពី ការដាក់ទណ្ឌកម្មលើរុស្ស៊ី ចិន និងអឺរ៉ុបដែរ តែប្រកាន់ជំហរចង់ឲ្យ បន្តការលើកលែង ដល់ ក្រុមហ៊ុនពាក់ព័ន្ធរបស់ប្រទេសទាំងនេះ។

កាលពីខែឧសភាកន្លងទៅ ក្រសួងការបរទេសអាមេរិកបានសម្រេច បន្តផ្តល់ការលើកលែងទណ្ឌកម្ម សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីឲ្យការងារ នៅរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៥ ក្នុងប្រទេសអ៊ីរ៉ង់ ប្រព្រឹត្តទៅជាធម្មតា។

គួរជម្រាបថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់  ហើយបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចឡើងវិញលើប្រទេសអ៊ីរ៉ង់៕

ដកស្រង់ពី៖ Fresh News