បណ្តាញសង្គម

ស្រីលង្កាសុខចិត្តមិនយកថ្លៃទិដ្ឋាការពីប្រទេសជិត៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ ក្រោយធ្លាក់ចុះដល់ទៅ៧០%

 (កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កា បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្នុងពេលដ៏ខ្លីខាងមុខ ខ្លួននឹងផ្តល់ជូនអ្នកដំណើរ មកពីបណ្តាប្រទេសជិត ៥០ នូវទិដ្ឋាការ សម្រាប់គោលដៅទេសចរណ៍ ដោយឥតគិតថ្លៃ និងពុំចាំបាច់មានការ សុំទុកជាមុនឡើយ  គឺអាចសុំនៅពេលដែលពួកគេ មកដល់ប្រទេសស្រីលង្កាតែម្តង។

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណង ទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាប្រទេសស្រីលង្កា ឡើងវិញ ក្រោយពេលដែល ចំនួនអ្នកទេសចរ មកកាន់ប្រទេសដីកោះមួយនេះ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីមានអំពើភេរវកម្ម បំផ្ទុះគ្រាប់បែក យ៉ាងកក្រើក នាឱកាសពិធីបុណ្យ Easter កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ២៥០នាក់  ដោយនៅក្នុងនោះ មានជនជាតិបរទេស ៤២នាក់ផងដែរ។

ចំនួនភ្ញៀវទេសចរបរទេស នៅស្រីលង្កា កំឡុងខែឧសភាកន្លងទៅ បានធ្លាក់ចុះប្រមាណ ៧០% ដែលជាកម្រិតទាបបំផុត  បើចាប់តាំងពី សង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ កាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាម មន្ត្រីក្រសួងអភិវឌ្ឍន៍ ទេសចរណ៍ស្រីលង្កា។

តាមរយៈឯកសារ រដ្ឋាភិបាល ដែលបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានបង្ហាញថា  គណៈរដ្ឋមន្រ្តីស្រីលង្កា បានយល់ព្រមលុបចោល ទិដ្ឋាការទេសចរណ៍ ដែលជាធម្មតាមានតម្លៃ ២០-៤០ដុល្លារអាមេរិក ហើយត្រូវដាក់ពាក្យ សុំតាមអ៊ិនធើណេត ឬនៅស្ថានទូត  និងស្ថានកុងស៊ុល ស្រីលង្កាជាដើម។

មន្ត្រីក្រសួងអភិវឌ្ឍន៍ ទេសចរណ៍ស្រីលង្កា បានគូសបញ្ចាក់ប្រាប់ថា «ការផ្តល់ជូននេះ នឹងមានរយៈពេល ០៦ខែ ហើយបន្ទាប់មក រដ្ឋាភិបាលនឹងវាយតម្លៃ លើទំហំខាតបង់ប្រាក់ចំណូល ពីកម្មវិធីផ្តល់ទិដ្ឋាការ ដោយឥតគិតថ្លៃនេះ។ បើតាមប្រភពដដែល បានឲ្យដឹងទៀតថា  ប្រទេសដែលទទួលបាន ការផ្តល់ជូនទិដ្ឋាការ ដោយឥតគិតថ្លៃខាងលើ មានសរុប ៤៨ ខណៈ សហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង កាណាដា សិង្ហបុរី នូវែលសេឡង់ ម៉ាឡេស៊ី ស្វីស ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ រុស្ស៊ី អង់គ្លេស ចិន ឥណ្ឌា ថៃ និងប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមនោះដែរ។

គួរជម្រាបថា វិស័យទេសចរណ៍ គឺជាប្រភពចំណូល ពីបរទេសធំជាងគេ និងរីកចម្រើនលឿនបំផុត លំដាប់ទីបីរបស់ស្រីលង្កា  ដែលឈរ នៅបន្ទាប់ពី ការវិនិយោគក្រៅប្រទេស ឬពលករធ្វើការចំណាកស្រុក និងការនាំចេញផលិតផល វាយនភណ្ឌ-សម្លៀកបំពាក់ ដែលមានតម្លៃប្រមាណ ៤.៤ពាន់លានដុល្លារ ឬស្មើនឹង ៤.៩% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៨ កន្លងទៅ៕

ដកស្រង់ពី៖ Fresh News