បណ្តាញសង្គម

បុរសកូរ៉េខាងជើងម្នាក់លួចឆ្លងព្រំដែនចូលកូរ៉េខាងត្បូង, អាជ្ញាធរកូរ៉េខាងត្បូងចាប់ឃុំខ្លួនជាបណ្តោះអាសន្

(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះថា បុរសកូរ៉េខាងជើងម្នាក់ បានលួចឆ្លងតំបន់ គ្មានយោធា (DMZ) ដែលជាតំបន់បែងចែក ព្រំដែនរវាងកូរ៉េទាំងពីរ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយឥឡូវកំពុង ស្ថិតក្នុងមន្ទីឃុំឃាំង នៅទីក្រុងសេអ៊ូល។

នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នាព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានព័ត៌មានណាមួយ ដែលអាចបញ្ជាក់ពីអត្តសញ្ញាណ របស់បុរសនោះ ឬមូលហេតុដែលធ្វើឲ្យគាត់ ប្រថុយជីវិត លួចឆ្លងព្រំដែន ដែលមានការការពារយ៉ាងតឹងរ៉ឹង បែបនេះនៅឡើយទេ។

យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ របស់អគ្គសេនាធិការ ចម្រុះកូរ៉េខាងត្បូង (JCS) បានលើកឡើងថា ការឃុំឃាំងបុរសម្នាក់នោះ គឺត្រូវបានអនុលោម ទៅតាមនីតិវិធីច្បាប់ ហើយអជ្ញាធរដែលពាក់ព័ន្ធកំពុងសួរចម្លើយគាត់ហើយ។

ដោយឡែក បើតាមរយៈ យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កាលពីយប់ថ្ងៃពុធម្សិលមិញ ពួកគេបានប្រទះឃើញ បុរសម្នាក់នោះ រំកិលខ្លួនឆ្ពោះមកភាគខាងត្បូង បន្ទាប់ពីគេបានឆ្លងកាត់ បន្ទាត់កំណត់ព្រំដែន នៅខាងក្នុងតំបន់ គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរ។

បើតាមទិន្នន័យកន្លងមក ជនជាតិកូរ៉េខាងជើង ប្រមាណជាង ០៣ម៉ឺននាក់ហើយ ដែលបានលួចឆ្លងព្រំដែន ចូលកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរ ត្រូវបានពុះចែកជាពីរ ដោយសារសង្គ្រាមកាលពីជាង ៦៥ឆ្នាំមុន៕

ដកស្រង់ពី៖ Fresh News