បណ្តាញសង្គម

ករណីបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក កើតមានឡើងនៅ៥ទីតាំង សុទ្ធតែកន្លែងទីប្រជុំជនល្បីៗ

 (បាងកក)៖ ហេតុការណ៍ផ្ទុះ ជាបន្តបន្ទាប់ នាព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានកើតឡើង នៅទីតាំងរួមមាន មុខអគារមជ្ឈមណ្ឌល រដ្ឋាភិបាល ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si), នៅស្ថានីយរថភ្លើង ផ្លូវអាកាស ឆុងណុនស៊ី BTS (Chong Nonsi BTS), នៅមុខអគារខ្ពស់មហានគរ (King Power Mahanakhon), និងនៅលើផ្លូវរាមាទី ៩ (Rama 9)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងប្រទេសថៃ Bangkok Post នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។បើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ណារូម៉ុន ភីនយ៉ូស៊ីវ៉ាត់ (Narumon Pinyosinwat) ក្រោយពីបានទទួលដំណឹងនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមានការ ស៊ើបអង្កេតជាបន្ទាន់ ខណៈចំណាត់ការសន្តិសុខ ត្រូវបានរឹងបន្តឹង  ហើយលោកស្រី បានទទូចកុំឲ្យសាធារណជន មានការភ័យស្លន់ស្លោ។

ហេតុការណ៍ទាំងនេះ បានបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ហើយទំនងជាបង្កឡើងដោយ គ្រាប់បែកច្នៃ ខណៈមិនមានអ្នក បាត់បង់ជីវិតឡើយ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរថៃទើបបានរកឃើញ គ្រាប់បែកក្លែងក្លាយ នៅក្បែរស្នងការប៉ូលិសជាតិថៃ ។ ហេតុការណ៍ទាំងនេះ បានកើតមានឡើងចំពេល ថៃកំពុងបើកកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេស ជាមហាអំណាចធំៗ ដូចជា អាមេរិក ចិន និងរុស្ស៊ីផងដែរ៕

 ដកស្រង់ពី៖ Fresh News