បណ្តាញសង្គម

អ៊ីរ៉ាក់មិនទាន់ហ៊ានសម្រេចចិត្តថា «ត្រូវទិញ ឬមិនទិញប្រព័ន្ធ S-400 ពីរុស្ស៊ីឡើយ» ព្រោះខ្លាចប៉ះពាល់មិត្តភាពជាមួយអាមេរិក...

(បាកដាដ)៖ ការទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាសរុស្ស៊ី S-400 ដោយប្រទេសអ៊ីរ៉ាក់ គឺត្រូវតែមានការយល់ព្រម ពីសភាជាមុនសិន  ប៉ុន្តែបច្ចុប្បន្ន ទីក្រុងបាកដាដ មិនមានភាពចាំបាច់ណាមួយ ដែលតម្រូវឲ្យ ទិញអាវុធប្រភេទនេះទេ។

នេះបើតាមលោក សាខត ហ្សាំហ្សាល់ឌីន (Sarkawt Shamsulddin) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។ សមាជិកសភាអ៊ីរ៉ាក់លោក Shamsulddin ធ្វើការអះអាងបែបនេះ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ថា រដ្ឋាភិបាលទីក្រុងបាកដាដ កំពុងពិចារណាទិញ S-400 ដែលជាប្រព័ន្ធមីស៊ីល ដែលអាមេរិកស្អប់បំផុតនោះ  ពីប្រទេសរុស្ស៊ី។

លោក Shamsulddin បានគូសបញ្ជាក់ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសុ្រកយ៉ាងដូច្នេះថា «ជាការពិតណាស់ អ៊ីរ៉ាក់អាចនឹងទិញ S-400 ពីរុស្ស៊ីនៅពេលអនាគត បើសិនជាចាំបាច់ ដើម្បីការពារសន្តិសុខជាតិ ប៉ុន្តែត្រូវមានការយល់ព្រមពីសភា»។ ទោះជាយ៉ាងនេះក្ដី លោក Shamsulddin ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្នអ៊ីរ៉ាក់មិនមានភាព ចាំបាច់ទិញប្រព័ន្ធមីស៊ីលនេះទេ ដ្បិតមិនចង់ឱ្យប៉ះពាល់ ដល់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ដែលកន្លងមកតែងតែព្រមានដាក់ទណ្ឌកម្ម រាល់ប្រទេសទាំងឡាយណា ដែលទិញអាវុធពីរុស្ស៊ី។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ អគ្គរដ្ឋទូតអ៊ីរ៉ាក់ ប្រចាំប្រទេសរុស្ស៊ី លោក ហៃដា ហាឌី (Haidar Hadi) ធ្លាប់បានឱ្យដឹងថា  ទីក្រុងបាកដាដ មិនទាន់សម្រេចចិត្តថា ទិញ ឬមិនទិញ S-400 ពីទីក្រុងម៉ូស្គូឡើយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា  រាល់ការសម្រេចចិត្តបែបណានោះ វាគឺជាសិទ្ធិរបស់អ៊ីរ៉ាក់ និងអាស្រ័យទៅលើភាពចាំបាច់របស់ជាតិ ស្របពេលប្រទេសតួកគី ចិន និងឥណ្ឌា សុទ្ធតែកំពុងប្រឈមមុខ នឹងទណ្ឌកម្មអាមេរិក ដោយសារតែសំណុំរឿង S-400 នេះ៕

ដកស្រង់ពី៖ Fresh News