បណ្តាញសង្គម

កោះតៃវ៉ាន់ត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលឈ្មោះ «Lekima» ដែលនឹងមកដល់នាថ្ងៃនេះ

(តៃប៉ិ)៖ ថ្ងៃព្រហស្បតិ៍នេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ នឹងបោកបក់ទៅដល់កោះតៃវ៉ាន់ ដែលអាចបង្កជាហានិភ័យផ្សេងៗ ខណៈអាជ្ញាធរកោះតៃវ៉ាន់ បានអំពាវនាវឲ្យមនុស្សម្នា ដែលមានការប្រុងប្រយ័ត្នខ្ពស់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។ បើតាមទីភ្នាក់ងារ ឧតុនិយមតៃវ៉ាន់  ព្យុះទីហ្វុងឈ្មោះ Lekima ដែលមានឥទ្ធិពល យ៉ាងខ្លាំងសម្បើម នឹងធ្វើដំណើរមកដល់ ក្បែរឆ្នេរភាគឦសាន នៃដែនដីកោះនេះ ខណៈវាកំពុងមានល្បឿន ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយកម្លាំងខ្យល់អតិបរមា រហូតដល់២២៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។

អាជ្ញាធរតៃវ៉ាន់ បានសេចក្តីប្រកាសឲ្យមនុស្សម្នា នៅតាមតំបន់ភាគខាងជើង រួមទាំងទីក្រុងតៃប៉ិ បង្កើនការប្រុងប្រយ័ត្នខ្ពស់។ មនុស្សជាង១,៥០០នាក់ ភាគច្រើនជាទេសចរ នៅតាមបណ្តាកោះភាគខាងកើតតៃវ៉ាន់ ក៏ត្រូវបានជម្លៀស ទៅកាន់ទីសុវត្ថិភាព  ហើយកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីត្រៀមជួយសង្រ្គោះ ក្នុងករណីមានទឹកជន់។

កាលពីទាបភ្លឺ ថ្ងៃព្រហស្បតិ៍នេះ នៅភាគឦសានកោះតៃវ៉ាន់ ក៏បានទទួលរងការវាយប្រហារ ពីគ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រផងដែរ  ខណៈតៃវ៉ាន់ កំពុងតែត្រៀមខ្លួន សម្រាប់ព្យុះទីហ្វុងខាងលើ។ រញ្ជួយដីនោះ បានកាត់ផ្តាច់ចរន្តអគ្គិសនី សម្រាប់អគារជាង១០,០០០ខ្នង  ហើយធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត។

គួរជម្រាបថា បន្ទាប់ពីតៃវ៉ាន់ ព្យុះទីហ្វុងខាងលើនឹងបន្តឆ្ពោះ ទៅទីក្រុងសៀងហៃប្រទេសចិន នៅកំឡុងចុងសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News