បណ្តាញសង្គម

ព្រះចៅអធិរាជជប៉ុនសម្តែង «វិប្បដិសារីយ៉ាងជ្រាលជ្រៅ» ចំពោះអ្វីដែលបានកើតមានឡើង នៅអំឡុងសង្គ្រាមលោកលើកទី២

  (តូក្យូ)៖ ព្រះចៅអធិរាជថ្មី របស់ជប៉ុនព្រះនាម ណារុហ៊ីតុ (Naruhito) បានសម្តែងចេញ រាជព្រះទ័យ ប្រកបដោយ វិប្បដិសារីយ៉ាងជ្រាលជ្រៅ ចំពោះទង្វើដែលអតីតទាហានជប៉ុនបានធ្វើ ក្នុងអំឡុងនៃសង្គ្រាមលោកលើកទី ២ ជាមួយនឹងក្តីសង្ឃឹមថា  សង្គ្រាមបែបនោះ នឹងមិនកើតឡើងជាថ្មីម្តងទៀតទេ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ការកត់សម្គាល់ដូចខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស បង្ហាញព្រះរាជវត្តមាន ជាលើកដំបូងបង្អស់ របស់ព្រះអង្គក្នុងពិធីប្រចាំឆ្នាំមួយ  ដើម្បីចូលរួមមរណទុក្ខ ដល់ជីវិតមនុស្សទាំងអស់ ដែលបានបាត់បង់ ក្នុងសង្គ្រាមលោកលើកទី ២ ក្រោយពីទ្រង់ បានឡើងគ្រងរាជ្យជាផ្លូវការ  ក្លាយជាព្រះចៅអធិរាជថ្មី របស់ជប៉ុន កាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ។

នៅក្នុងសុន្ទរកថារបស់ទ្រង់ ដែលបានថ្លែងក្នុងខួបលើកទី ៧៤ នៃការចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២ ព្រះចៅអធិរាជ ណារុហ៊ីតូ បានសម្តែងពីវិប្បដិសារី ដ៏ជ្រាលជ្រៅចំពោះទង្វើទាហានជប៉ុន ព្រមទាំងសង្ឈឹមថា ការហែកហួរគ្នា ដោយសារសង្គ្រាម នឹងមិនកើតមាន ម្តងទៀតឡើយ។

ព្រះរាជបន្ទូលរបស់ទ្រង់ ត្រូវបានដកស្រង់យ៉ាងដូច្នេះថា «ក្រឡេកទៅមើលរយៈពេល  ដ៏យូរអង្វែងនៃសន្តិភាព ក្រោយសង្គ្រាម វាបានឆ្លុះបញ្ចាំងពីអតីតកាល របស់យើងដ៏ឈឺចាប់ ជាមួយនឹងការដក់ជាប់អារម្មណ៍ នូវវិប្បដិសារី យ៉ាងជ្រាលជ្រៅ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា  សង្រ្គាមបែបនេះ នឹងមិនកើតមានឡើងម្តងទៀតឡើយ»។

គួរជម្រាបថា ពាក្យថា «វិប្បដិសារីយ៉ាងជ្រាលជ្រៅ» ដែលព្រះចៅអធិរាជជប៉ុន បានប្រើពេលនេះ  គឺជាពាក្យតែមួយ ដែលអតីតព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ធ្លាប់បានប្រើ ក្នុងពីធីរំលឹកខួបលើកទី ៧០ នៃការចុះចាញ់ របស់ជប៉ុន ក្នុងសង្គ្រាម លោកលើកទី ២ កាលពីឆ្នាំ២០១៥ កន្លងទៅ។

ក្នុងព្រះជន្មាយុ ៥៩វស្សា ព្រះចៅអធិរាជថ្មី ណារុហ៊ីតុ ដែលទើបតែបានឡើង សោយរាជ្យសម្បត្តិ បន្តពីព្រះរាជបិតាទ្រង់ ដែលបានដាក់រាជ្យ  កាលពីខែឧសភាកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News