បណ្តាញសង្គម

ស្លាប់៩នាក់ នៅក្នុងអគ្គិភ័យសណ្ឋាគារ ក្នុងប្រទេសអ៊ុយក្រែន

មនុស្ស៩នាក់ បានស្លាប់បាត់បង់ជីវិត និង១០នាក់ផ្សេងទៀត បានរងរបួស ក្នុងអគ្គិភ័យសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Odessa ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ នេះបើតាមសេវាកម្មបន្ទាន់របស់រដ្ឋ ប្រាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

យោងតាមគេហទំព័ររបស់សេវាកម្មខាងលើ អគ្គិភ័យនោះ បានចាប់ផ្តើមនាម៉ោង ១កន្លះព្រឹក ម៉ោងក្នុងស្រុក នាសណ្ឋាគារ Tokyo Star ។ តំណាងម្នាក់នៃរដ្ឋបាលរដ្ឋក្នុងតំបន់ Odessa បានរាយការណ៏ក្នុងសេចក្តីសង្ខេបព័ត៌មាននោះថា ពលរដ្ឋបរទេស២នាក់ និងកុមារម្នាក់ គឺឋិតក្នុងចំណោមជនរងគ្រោះនោះ។

មានមនុស្សប្រហែលជា២០០នាក់ស្នាក់នៅក្នុងសណ្ឋាគារនោះ ហើយហោចណាស់១៣៦នាក់ ត្រូវបានជន្លៀសចេញពីកន្លែងកើតហេតុនោះ។ មនុស្ស៨នាក់ បានស្លាប់អំឡុងពេលឆេះ ហើយម្នាក់ទៀត បានស្លាប់លើឡានសង្រ្គោះបន្ទាន់។

ក្នុងចំណោមជនរងគ្រោះ មាន៧នាក់ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង២នាក់ រងរបួសស្រាល។ យោងតាមរដ្ឋបាលរដ្ឋប្រចាំតំបន់ ជនរងគ្រោះទាំងអស់ គឺមានការឆេះរលាកស្បែក ក៏ដូចជាពុលពីផលិតផលចំហេះ។

បុគ្គលិកប្រហែល៦៥នាក់ និង១៣កងអង្គភាពសម្ភារះ គឺត្រូវបានដាក់ពង្រាយដើម្បីពន្លត់អណ្តាតភ្លើង ដែលតាមការប៉ាន់ស្មាន ត្រូវបានពន្លត់នៅប្រហែល៣ម៉ោងក្រោយ។ បុព្វហេតុនៃការឆេះ គឺនៅមិនទាន់ច្បាស់។ ប៉ូលីស បានបើកការស៊ើបអង្កេតព្រហ្មទ័ណ្ឌលើការបំពានណាមួយ ដែលអាចកើតមាននៃតម្រូវការសុវត្ថិភាពអគ្គិភ័យ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅលើហ្វេសប៊ុកថា លោក នឹងត្រួតពិនិត្យដោយផ្ទាល់ថា អ្នកទទួលខុសត្រូវទាំងនោះ ត្រូវបានផ្តន្ទាទោសតាមច្បាប់។

លោកនាយករដ្ឋមន្រ្តីវិញ បានចេញបញ្ជាឱ្យមានការត្រួតពិនិត្យទ្រង់ទ្រាយធំនៃកន្លែងកំសាន្ត ជាពិសេសសណ្ឋាគារ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស បន្ទាប់ពីឧប្បត្តិហេតុនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។