បណ្តាញសង្គម

ប៉ូលីសទទួលបានការត្រួតត្រាឡើងវិញនៅតំបន់ Papua របស់ឥណ្ឌូនេស៊ី បន្ទាប់ពីមានការតវ៉ា

កាលពីថ្ងៃចន្ទ ប្រធានប៉ូលីសឥណ្ឌូនេស៊ីបានប្រាប់ថា អជ្ញាធរក្នុងតំបន់ នាភាគខាងកើតបំផុតនៃប្រទេស កំពុងទទួលបានការត្រួតត្រាឡើង វិញហើយ បន្ទាប់ពីក្រុមអ្នកតវ៉ា បានដុតកង់ឡាន និងដុតគប់ភ្លើង នា អគារសភាក្នុងតំបន់ ជុំវិញការឃុំឃាំងខ្លួននិស្សិត Papua មួយចំនួន កាលពីពេលថ្មីៗនេះ។

ចលនាបំបែកខ្លួនមួយ បានកើតឡើងអស់រយៈពេលជាច្រើនទសវត្សនៅក្នុងខេត្តប៉ាពួ ខណៈពេលដែលមានការតវ៉ាជាញឹកញាប់អំពីការរំលោភសិទ្ធិពីសំណាក់កងសន្តិសុខឥណ្ឌូនេស៊ី។

យោងតាមសកម្មជន ការផ្ទុះកំហឹងចុងក្រោយនេះ គឺទំនងដោយសារការឃុំឃាំងនិស្សិតប៉ាពួនៅ Surabaya នៃកោះជ្វាខាងកើត ពីបទពត់បង្កោងទង់ជាតិនៅមុខអន្តេវាសិកដ្ឋាន ក្នុងអំឡុងពេលប្រារព្ធទិវាឯករាជ្យរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៧ ខែសីហា។

ប៉ូលីស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលក្នុងអន្តេវាសិកដ្ឋានមុនពេលចាប់ខ្លួននិស្សិតចំនួន ៤៣ នាក់នោះ។ សកម្មជនម្នាក់ បាននិយាយប្រាប់ក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យថា និស្សិតទាំងនោះ ត្រូវបានគេហៅថា "សត្វស្វា" កំឡុងពេលប្រតិបត្តិការ។

បើតាមអភិបាលរងខេត្តម្នាក់ប្រាប់ទូរទស្សន៍ Kompas នៅព្រឹកថ្ងៃច័ន្ទថា ក្រុមអ្នកតវ៉ា Papua បានដុតបំផ្លាញអគារសភាមួយ និងបានបិទផ្លូវនានានៅទីរួមខេត្ត Manokwari របស់ខេត្ត Papua ខាងលិច ដោយដុតកង់ឡាន និងមែកឈើដែលធ្វើឱ្យទីក្រុងនេះខ្ទេចខ្ទី។

អភិបាលខេត្ត Papua បាននិយាយប្រាប់ទូរទស្សន៍ TVone ថា ប្រជាជន Papua មានការខឹងសម្បារដោយសារតែ “សំដីរើសអើងជាតិសាសន៍របស់ប្រជាជនជ្វាខាងកើត ក្រុមប៉ូលីស និងកងយោធា” នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។