បណ្តាញសង្គម

ប្រទេសទួគី បានចាប់ផ្តើមប្រតិបត្តិការណ៏យោធាថ្មី ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ប្រឆាំងនឹងពួក PKK

ប្រទេសទួគី បានចាប់ផ្តើមនូវប្រតិបត្តិការណ៏យោធាថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា ប្រតិបត្តិការណ៏ក្រញាំ៣ ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ប្រឆាំងនឹងពួកឧទ្ទាមនៃគណបក្សកម្មករខឺដខុសច្បាប់ (PKK) ដែលបានបោះជំរុំមូលដ្ឋាននៅទីនោះ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិទួគី ប្រាប់កាលពីថ្ងៃសៅរ៍។

ប្រតិបត្តិការណ៏ក្រញាំ៣ កំពុងត្រូវបានអនុវត្តន៍ក្នុងគោលបំណងការពារព្រំដែន និងបំផ្លាញរូងភ្នំ និងជម្រករបស់ភេរវករនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួង បានបន្ថែមថា ប្រតិបត្តិការណ៏នេះ ត្រូវបានបង្កើតឡើងដើម្បី "សម្រួលដល់សន្តិសុខតាមព្រំដែន ប្រឆាំងទប់ទល់នឹងពួកភេវរករ និងបំផ្លាញជម្រកនៅតំបន់ Sinat-Haftanin នៅភាគខាងជើងអ៊ីរ៉ាក់" ។

ប្រតិបត្ដិការណ៏ក្រញាំ ចំនួនពីរលើកមុនៗ ត្រូវបានធ្វើឡើងដោយកងទ័ពទួគី នៅខែឧសភា និងខែកក្កដា ក្នុងគោលបំណងរារាំងការជ្រៀតចូលរបស់ពួកភេវរករ PKK ចូលទៅក្នុងប្រទេសទួគី ពីភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេសតំបន់ Hakurk ។

តំបន់នេះ ដែលបម្រើការជាមូលដ្ឋានសំខាន់មួយរបស់ពួក PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវបានប្រើជាញឹកញាប់ដោយក្រុមឧទ្ទាម ដើម្បីជ្រៀតចូលទៅក្នុងប្រទេសទួគី ឬវាយប្រហារទីតាំងការពារព្រំដែនរបស់ប្រទេសទួគី។ ឧទ្ទាមពួក PKK ត្រូវបានចុះបញ្ជីជាអង្គការភេវរកម្ម ដោយប្រទេសទួគីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ជម្លោះនេះ មានតាំងពីដើមទសវត្សឆ្នាំ ១៩៨០ បានឆក់យកអាយុជីវិតមនុស្សចំនួន ៤ម៉ឺននាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។