បណ្តាញសង្គម

មនុស្ស ១៧ នាក់ ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងរដ្ឋាភិបាលបានធ្វើការសងសឹកទៅលើក្រុម តាលីបង់ នៅភាគខាងជើងទីក្រុងអាហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយថា យ៉ាងហោចណាស់កងកម្លាំងសន្តិសុខអាហ្គានីស្ថានចំនួន ២ នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១៥ នាក់ ត្រូវបានសម្លាប់នៅពេលដែលកងកំលាំងអាហ្គានីស្ថាន បានសងសឹកការវាយប្រហាររបស់ពួកតាលីបង់ ទៅលើទីក្រុង Kunduz ទីរួមខេត្ត Kunduz ភាគខាងជើងកាលពីថ្ងៃសៅរ៍។

អ្នកនាំពាក្យ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា“ ការប៉ះទង្គិចគ្នា បានចាប់ផ្តើមនៅម៉ោង ១ រំលងអធ្រាត្រ ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងយន្ត និងគ្រាប់រ៉ុក្កែត បានវាយប្រហារទីក្រុងពីទីតាំងចំនួន ៣ ប៉ុន្តែកងកម្លាំងសន្តិសុខ បានវាយបកអ្នកវាយប្រហារទាំងនោះ យ៉ាងមានប្រសិទ្ធ-ភាព។

ផ្លូវថ្នល់ ត្រូវបានបោះបង់ចោល ហើយហាងភាគច្រើន ត្រូវបានបិទនៅព្រឹកថ្ងៃសៅរ៍ ដោយសារការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានកើតឡើងនៅជាយក្រុងចម្ងាយ ២៥០ គីឡូម៉ែត្រខាងជើងរដ្ឋធានីកាប៊ុល។

យោងតាមមន្រ្តីសុខាភិបាលខេត្ត បានអោយដឹងថា មនុស្សប្រហែល ២០ នាក់ រួមទាំងអធិការស្រុកម្នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។ ក្រុមសកម្មប្រយុទ្ធ បានព្យាយាមដណ្តើមកាន់កាប់ទីក្រុង ប៉ុន្តែពួកគេ បរាជ័យ។ ពួកគេកំពុងប្រើផ្ទះប្រជាជន ជាទីតាំងប្រយុទ្ធ ហើយពួកគេកំពុងប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស។

កងកំលាំងការពារ និងសន្តិសុខជាតិអាហ្គានីស្ថាន នៅតែបន្តកាន់កាប់មជ្ឈមណ្ឌលមមាញឹករបស់អាហ្គានីស្ថាន និងនៅតាមទីរួមខេត្តទាំង ៣៤ ប៉ុន្តែក្រុមបះបោរតាលីបង់ គ្រប់គ្រងផ្នែកធំៗ នៃតំបន់ជនបទ ដោយបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងទីក្រុង និងស្រុករបស់អាហ្គានីស្ថាន ចាប់តាំងពីដើមខែមេសា នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានបើកការវាយលុកឧទ្ទាមប្រចាំឆ្នាំ។