បណ្តាញសង្គម

ប្រទេសដីកោះ Solomon អាចបោះចោលកោះតៃវ៉ាន់ និងងាកទៅចាប់យកប្រទេសចិនវិញ!

 (ប៉ាស៊ីហ្វិក)៖ ប្រទេសសូឡូម៉ុន (Solomon) ដែលជាប្រជុំកោះ ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក នាពេលឆាប់ៗខាងមុខ អាចនឹងបោះបង់ចោលកោះតៃវ៉ាន់ រួចងាកទៅស្វាគមន៍ចិនវិញ តាមរយៈការបង្កើតទំនាក់ទំនងការទូត និងទទួលស្គាល់ នយោបាយចិនតែមួយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

គណៈកម្មការមួយ ដែលត្រូវបានបង្កើតឡើងដោយ នាយករដ្ឋមន្រ្តីប្រទេស Solomon លោក មែណាស្សេហ៍ សូហ្គាវែ (Manasseh Sogavare) ដើម្បីធ្វើការថ្លឹងថ្លែង លើផលប្រយោជន៍ ដែលទទួលបាន ពីការផ្លាស់ប្តូរទំនាក់ទំនង ការទូតពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំងវិញនោះ គឺមានទំនោរ ទៅខាងទីក្រុងប៉េកាំង។នេះបើតាមការបង្ហើបប្រាប់ ពីសមាជិកសភាម្នាក់ នៃប្រទេស Solomon។

គួរជម្រាបថា បើសិនជាប្រទេស Solomon សម្រេចបោះបង់ចោល តៃវ៉ាន់មែននោះ ទីក្រុងតៃប៉ិ នឹងនៅសល់ប្រទេសចំនួនតែ ១៦ប៉ុណ្ណោះ ដែលឈរនៅខាងខ្លួន។ កាលពីឆ្នាំ២០១៨ ប្រទេស បួគីណាហ្វាសូ នៅតំបន់អាហ្វ្រិក (Burkina Faso), សាធារណរដ្ឋដូមីនីក និងប្រទេសអែលសាវ៉ាឌ័រ សុទ្ធតែបានងាកចេញពីកោះតៃវ៉ាន់ ហើយងាកទៅផ្សាភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ដោយសារពួកគេសំឡឹង មើលឃើញនូវសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ច៕

ដកស្រង់ពី៖ Fresh News