បណ្តាញសង្គម

ប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនមកវិញនូវកុងតឺន័ររាប់រយដែលផ្ទុកទៅដោយកាកសំណល់

បើយោងតាមទីភ្នាក់ងារគយ ប្រទេសឥណ្ឌូណេស៊ី បានបញ្ជូនកុងតឺន័ររាប់រយ ដែលពោរពេញដោយសំរាម ត្រឡប់ទៅប្រទេសដើមវិញ ខណៈបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រឆាំងតបតរនឹងការក្លាយជាកន្លែងចាក់សំរាមសម្រាប់សំរាមមកពីបរទេស។

មន្ត្រីគយម្នាក់ បាននិយាយថា កុងតឺន័រប្រហែល ២៥០គ្រឿង ត្រូវបានរឹបអូសនៅលើប្រជុំកោះក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានប្រគល់មកវិញហើយ ហើយអាជ្ញាធរកំពុងត្រួតពិនិត្យជាង ១.០០០ គ្រឿងទៀត។

ក្នុងចំណោមនោះ មានកុងតឺនឺសំរាមចំនួន ៤៩គ្រឿង ត្រូវបានរឹបអូសនៅលើកោះ Batam ក្បែរប្រទេសសិង្ហបុរី ត្រូវបានដឹកជញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាមេរិក អាឡឺម៉ង់ បារាំង ហុងកុង និងអូស្ត្រាលី។

ការដឹកជញ្ជូនតាមកប៉ាល់ទាំងនោះ ត្រូវបានផ្ទុកដោយការរួមបញ្ចូលគ្នានៃសំរាម កាកសំណល់ប្លាស្ទិក និងវត្ថុធាតុដើមដែលមានគ្រោះថ្នាក់ បំពាននឹងច្បាប់នាំចូល។ យោងតាមទិន្នន័យគយ បានឱ្យដឹងថា កុងតឺន័រជិត ២០០ គ្រឿង ក៏ត្រូវបានដឹកជញ្ជូនចេញពីទីក្រុង Surabaya ដែលជាទីក្រុងធំជាងគេទី ២ របស់ឥណ្ឌូនេស៊ី ទៅកាន់សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី បាននឹងកំពុងរឹតបន្តឹងការឃ្លាំមើលរបស់ខ្លួន លើបញ្ហាសំរាមបរទេស ដើម្បីឆ្លើយតបនឹងការនាំចូលដែលកំពុងកើនឡើង។ បរិមាណដ៏ច្រើននៃកាកសំណល់នោះ ត្រូវបានបញ្ជូនទៅប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសចិន ដែលធ្លាប់ទទួលបាស្ទិកភាគច្រើនពីជុំវិញពិភពលោក បានបិទទ្វាររបស់ខ្លួនចំពោះការបដិសេធរបស់បរទេសកាលពីឆ្នាំមុន ក្នុងគោលបំណងសម្អាតបរិស្ថានរបស់ខ្លួន នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃពុធ។