បណ្តាញសង្គម

ទីបំផុតអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ ទទួលមរណភាពហើយនៅអាយុ៩៥ឆ្នាំ!

 (ហារ៉ារ៉េ)៖ អតីតប្រធានាធិបតី ហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលមនុស្សជាច្រើនស្គាល់ថា ជាបុរសខ្លាំង កាន់អំណាចបានយូរបំផុត ប្រចាំទ្វីបអាហ្វ្រិកនោះ នៅទីបំផុតបានទទួល មរណភាពហើយក្នុងអាយុ ៩៥ឆ្នាំ ក្រោយពីបានទៅសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្ យនៃប្រទេសសិង្ហបុរី អស់ជាច្រើនខែ។

នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

មរណភាពរបស់លោក មូហ្គាបេ ត្រូវបានប្រកាសដោយ ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក អ៊ែមមើសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) ប្រចាំនៅរដ្ឋធានី ហារ៉ារ៉េ នៅថ្ងៃសុក្រនេះ ដោយមានខ្លឹមសារ យ៉ាងដូច្នេះថា «វាជាភាពសោកសៅបំផុតមួយ ដែលខ្ញុំត្រូវប្រកាស អំពីការទទួលមរណភាព របស់បិតាស្ថាបនិកហ្ស៊ីមបាវ៉េ និងជាអតីតប្រធានាធិបតីគឺ លោក រ៉ូប៊ឺត មូហ្គាបេ។

លោកគឺជានិមិត្តរូបនៃការរំដោះ និងជាអ្នកគាំទ្រជនជាតិអាហ្វ្រិក ដែលបានលះបង់ជីវិត ដើម្បីការរំដោះ និងផ្តល់អំណាចជូន ប្រជាជនរបស់លោក»។

គួរបញ្ជាក់ថា លោក មូហ្គាបេ បានទៅសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្យសិង្ហបុរី អស់ជាតិច្រើនខែ ប៉ុន្តែមិនមាននរណា អាចបញ្ជាក់ថា លោកមានជំងឺអ្វី ឲ្យប្រាកដនោះឡើយ។ លោកត្រូវបានប្រធានាធិបតីបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ ចេញពីអំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានជម្លោះយ៉ាងខ្លាំង កើតឡើងនៅក្នុងជួរគណបក្ស កាន់អំណាចរបស់លោក ដែលពាក់ព័ន្ធនឹងចេតនា លើកស្ទួយភរិយាលោក ឲ្យបន្តតំណែង ធ្វើជាប្រធានាធិបតី ហ្ស៊ីមបាវ៉េ នៅពេលលោកអស់ជីវិតនោះ៕

ដកស្រង់ពី៖ Fresh News