បណ្តាញសង្គម

អាមេរិក៖ «ទំហំនៃគ្រោះមហន្តរាយនៅបាហាម៉ាស់ ប្រៀបដូចឥទ្ធិពលនៃគ្រាប់បែកនុយក្លេអ៊ែរ»

 (អាមេរិក)៖ ប្រធានអង្គការអាមេរិក USAID បានប្រៀបប្រដូច ទំហំនៃការបំផ្លិចបំផ្លាញ របស់ព្យុះហឺរីខិន កំណាចដូរៀន (Dorian) ទៅលើប្រទេសដីកោះ បាហាម៉ាស់ នៅតំបន់សមុទ្រការីបៀន ទៅនឹងឥទ្ធិពល នៃគ្រាប់បែកនុយក្លេអ៊ែរ យ៉ាងដូច្នោះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធាន USAID លោក ម៉ាក ហ្គ្រីន (Mark Green) បានឲ្យដឹងថា លោកបានជិះយន្តហោះ ដើម្បីអង្កេតមើលទំហំ នៃការបំផ្លិចបំផ្លាញ របស់ព្យុះ Dorian នៅកោះធំ ហ្គ្រេនបាហាម៉ាស់ (Grand Bahama) និង អាបាកូស (Abacos) ជាទីដែលព្យុះហឺរីខិន កំណាចនោះ បានវាយប្រហារចំ ពេញទំហឹង កាលពីដើមខែកញ្ញានេះ ខណៈដែលពេលនោះ វាបានកើនឡើងថាមពល ដល់កម្រិតកំពូល គឺមានកម្លាំងខ្យល់បក់  រហូតដល់ជិត ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

គួរជម្រាបថា គិតត្រឹមពេលនេះ ចំនួនមនុស្សបាត់បង់ជីវិតស្ថិតត្រឹម ៤៣នាក់ ខណៈអាចរហូតដល់ រាប់រយនាក់ទៀតបានបាត់ខ្លួន។ ចំណែកប្រជាជន បាហាម៉ាស់ខ្ទង់ ៧០,០០០នាក់បានបាត់បង់ផ្ទះសម្បែង។

បើតាមលោក Green អង្គការ USAID កំពុងសហការជាមួយរដ្ឋាភិបាលបាហាម៉ាស់ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្ន ស្បៀងអាហារ ទឹក និងថ្នាំសង្កូវ ដើម្បីជួយដល់ប្រជាជនដែល រងការប៉ះពាល់។ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយជិត ៣លានដុល្លារដល់បាហាម៉ាស់៕

ដកស្រង់ពី៖ Fresh News