បណ្តាញសង្គម

ម៉ានីល៖ បញ្ហាស្ទះចរាចរណ៍កាន់តែខ្លាំង នាំឲ្យអ្នកជំងឺកាន់តែច្រើនបាត់បង់ជីវិត ដោយសារការសង្គ្រោះយឺតពេល!

 (ម៉ានីល)៖ បញ្ហាស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនបាន និងកំពុងឆាបយកអាយុជីវិត អ្នកជំងឺជាច្រើននាក់  ដោយសារតែរថយន្ដសង្រ្គោះបន្ទាន់ របស់ពួកគេ ត្រូវកកស្ទះរាប់សិបនាទី មុននឹងទៅដល់មន្ទីរពេទ្យ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។ ការស្ទះចរាចរណ៍ បានក្លាយជាប្រធានបទ ជជែកដេញដោល យ៉ាងផុលផុស របស់ប្រជាជនហ្វីលីពីន ក្រោយរូបភាព រថយន្ដសង្រ្គោះបន្ទាន់ ដែលកកស្ទះ ទៅណាមិនរួចរាប់សិបនាទី នៅលើដងផ្លូវ ក្នុងទីក្រុងម៉ានីល ត្រូវបានគេបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ជាឧទាហរណ៍ជាក់ស្ដែង រូបភាពរថយន្ដសង្រ្គោះ បន្ទាន់មួយគ្រឿង នៅក្នុងហេតុការណ៍ស្ទះចរាចរណ៍មួយ មានចុចមើលរហូតដល់ទៅ ៣.២លាននាក់ ហើយរូបភាពនេះ ត្រូវបានថតបង្ហោះដោយស្ត្រីម្នាក់ ដែលកំពុងនៅលើរថយន្ដសង្រ្គោះបន្ទាន់ ជាមួយម្ដាយ កំឡុងពេលស្ទះចរាចរណ៍។

ស្ត្រីរូបនេះមានឈ្មោះ ហ្ស៊ីង ហ្សាម៉ូរ៉ា (Jing Zamora) បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំពិតជាខឹង និងព្រួយបារម្ ភយ៉ាងខ្លាំង ពីព្រោះយើង មិនអាចធ្វើអ្វីបានទាល់តែសោះ ដើម្បីជួយសម្រួល ដល់រថយន្ដសង្រ្គោះបន្ទាន់ ដឹកម្ដាយរបស់ខ្ញុំ»។ នាង Zamora បានបន្ថែមទៀតថា ម្ដាយរបស់នាង នៅមានជីវិតនៅឡើយ ពេលស្ថិតលើរថយន្ដសង្រ្គោះបន្ទាន់ អស់រាប់សិបនាទី ទម្រាំទៅដល់មន្ទីរពេទ្យ។ ប៉ុន្តែគាត់បានទទួលមរណភាព មួយសប្ដាហ៍ក្រោយមក។

គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវ កាលពីឆ្នាំ២០១៧ របស់អាជ្ញាធរហ្វីលីពីន ក្រោមជំនួយរដ្ឋាភិបាលជប៉ុន ប្រជាជនក្នុងទីក្រុងម៉ានីលជាង ១៣លាននាក់ មានយានយន្ដ ស្ទើរតែម្នាក់មួយគ្រឿងទៅហើយ ដែលនេះគឺជាមូលហេតុមួយ បង្កឱ្យមានបញ្ហាស្ទះចរាចរណ៍ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុង ត្រូវបានក្រុមអ្នកជំនាញខ្លះ រិះគន់ថា ចាស់ហួសសម័យ។

មិនតែប៉ុណ្ណោះ ការសិក្សាដដែល ក៏បានឱ្យដឹងដែរថា បញ្ហាស្ទះចរាចរណ៍ បានបង្កការខាតបង់ថវិកាជាង ៦៧លានដុល្លារ ក្នុងមួយថ្ងៃ ក្នុងវិស័យផលិតកម្ម៕

ដកស្រង់ពី៖ Fresh News