បណ្តាញសង្គម

គ្រួសារអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក Robert Mugabe ចាកចេញទៅសិង្ហបុរី ដើម្បីដឹកសពលោកត្រឡប់មកវិញ

 (ហារ៉ារ៉េ)៖ គ្រួសារអតីតមេដឹកនាំ នៃប្រទេសហ្ស៊ីមបាវ៉េ លោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) និងមន្រ្តីរដ្ឋាភិបាល ហ្ស៊ីមបាវ៉េ បានចេញដំណើរ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីនាំយកសាកសពលោក Mugabe ត្រឡប់មកកាន់មាតុភូមិវិញ។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោក លូអូ មូហ្គាបេ (Leo Mugabe) ដែលត្រូវជាក្មួយប្រុសរបស់លោក Robert Mugabe និងជាអ្នកនាំពាក្ យគ្រួសារលោក Mugabe បានប្រាប់ថា យន្តហោះដឹកសមាជិក គ្រួសារលោក Robert Mugabe និងមន្រ្តីរដ្ឋាភិបាលហ្ស៊ីមបាវ៉េ បានចាកចេញពីរដ្ឋធានីហារ៉ារ៉េ (Harare) ដើម្បីឆ្ពោះទៅកាន់ សិង្ហបុរីកាលពីថ្ងៃចន្ទម្សិលមិញ។សាកសពអតីតប្រធានាធិបតី ហ្ស៊ីមបាវ៉េរូបនេះត្រូវគេរំពឹងថា នឹងមកដល់ប្រទេសហ្ស៊ីមបាវ៉េវិញនៅរសៀលថ្ងៃពុធស្អែក។

គួរជម្រាបថា លោក Robert Mugabe បានទទួលមរណភាព នៅអាយុ៩៥ឆ្នាំ ក្នុងប្រទេសសិង្ហបុរី ជាទីដែលលោកបានទទួលការសង្រ្គោះ ព្យាបាលជាយូរមកហើយ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នោះទេថា ពេលមកដល់ប្រទេសកំណើតវិញ តើសាកសពលោកនឹងត្រូវបញ្ចុះនៅកន្លែងណា ខណៈរដ្ឋាភិបាលហ្ស៊ីមបាវ៉េ មានគម្រោងចង់បញ្ចុះនៅទីលាន បញ្ចុះសាកសពវីរៈបុរសជាតិ ក្នុងទីក្រុងហារ៉ារ៉េ ខណៈគ្រួសារលោកចង់បញ្ចុះ នៅភូមិកំណើតលោក។

កន្លងមកធ្លាប់មាន សេចក្តីរាយការណ៍ព័ត៌មានថា លោក Mugabe នឹងមិនព្រមទទួលយក សំណើចង់បញ្ចុះសពលោក នៅទីលានវីរៈបុរសជាតិហ្ស៊ីមបាវ៉េឡើយ ដោយសារការដែលលោក ត្រូវបានគេទម្លាក់ចេញពីតំណែង៕

ដកស្រង់ពី៖ Fresh News