បណ្តាញសង្គម

កម្តៅលើវាលទឹកកក! រុស្ស៊ីពង្រាយ S-400 លើសមុទ្រអាក់ទិច ដែលមហាអំណាចកំពុងប្រជែងឥទ្ធិពល

(ម៉ូស្គូ)៖ យោធារុស្ស៊ី ប្រចាំតំបន់ភាគខាងជើង នាថ្ងៃចន្ទនេះបានប្រកាសថា ប្រព័ន្ធមីស៊ីល S-400 ត្រូវបានដាក់ពង្រាយ នៅប្រជុំកោះ ណូវ៉ាយ៉ា ហ្សិមលីយ៉ា (Novaya Zemlya) លើផ្ទៃមហាសមុទ្ រទឹកកកអាក់ទិក។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាមសេចក្តីប្រកាសខាងលើ កងអង្គភាពការពារដែនអាកាស របស់យោធារុស្ស៊ី ភាគខាងជើង ដែលប្រចាំការលើដែនកោះ យូស្នី (Yuzhny) នៃទីប្រជុំកោះ Novaya Zemlya ត្រូវបានផ្លាស់ប្តូរ ឲ្យប្រើប្រាស់ប្រព័ន្ធ S-400 ដែលជាប្រព័ន្ធមីស៊ីល ការពារគោលដៅលើ ផ្ទៃអាកាសស៊េរីថ្មីវិញ ខណៈកន្លងមកប្រព័ន្ធ S-300 ត្រូវបានដាក់ឲ្យ ធ្វើប្រតិបត្តិការនៅទីនោះ។

គួរជម្រាបថា រុស្ស៊ីកំពុងតែបង្កើន សកម្មភាពរបស់ខ្លួនជាខ្លាំង ទាំងផ្នែកយោធា ពាណិជ្ជកម្ម ការស្រាវជ្រាវរុករក នៅឯតំបន់អាក់ទិច ដែលប្រការនេះ បានបង្កឲ្យមានការរិះគន់ ពីប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកតែម្តង ដែលបានចោទរុស្ស៊ីថា កំពុងប្រឹងប្រែង ពង្រីកឥទ្ធិពលរបស់ខ្លួន នៅទីនោះ។

ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា សកម្មភាពរបស់រុស្ស៊ីមិនមាន គោលដៅបង្កការគំរាមកំហែង ដល់ប្រទេសណាផ្សេងឡើយ។ ដើម្បីបញ្ចៀសបញ្ហា ជម្លោះនៅតំបន់អាក់ទិក ប្រទេសនៅជុំវិញតំបន់នេះ រួមមានកាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស រុស្ស៊ី ស៊ុយអែត និងសហរដ្ឋអាមេរិក បានរួមគ្នាបង្កើតក្រុមប្រឹក្សា តំបន់អាក់ទិកឡើង ដើម្បីធ្វើជាវេទិកាអន្តរជាតិសម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងនោះ នៅតំបន់មហាសមុទ្រទឹកកកនេះ៕

ដកស្រង់ពី៖ Fresh News