បណ្តាញសង្គម

អាមេរិកបញ្ជាក់ភស្តុតាង៖ «គ្មាននរណាផ្សេងក្រៅពីអ៊ីរ៉ង់ឡើយ ដែលវាយប្រហារក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតនោះ»

(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា ការវាយប្រហារលើមូលដ្ឋាន ប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទំនងជាស្នាដៃ របស់អ៊ីរ៉ង់ទៅវិញទេ ហើយអាវុធ ដែលត្រូវបានប្រើប្រាស់ គឺមិនមែនដ្រូនឡើយ តែអាចជាមីស៊ីល ចង្អុលទិសទៅវិញ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ មន្រ្តីអាមេរិកខាងលើ បានលើកឡើងថា យោងតាមភស្តុតាង នៅកន្លែងកើតហេតុ ទិសដៅនៃប្រភពវាយប្រហារ គឺចេញមកពីម្តុំៗ តំបន់ខាងលើអារ៉ាប៊ីសាអូឌីត រួមមានអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មិនមែនចេញមកពីភាគខាងត្បូង ដែលជាប្រទេសយេម៉ែននោះឡើយ។

បើតាមមន្រ្តីអាមេរិករូបនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានក៏អះអាងដែរថា ពួកគេទំនងជាបានឃើញ សញ្ញានៃការប្រើប្រាស់មីស៊ីល ចង្អុលទិស នៅក្នុងការវាយប្រហារនោះ។ មន្រ្តីអាមេរិក ក៏បានចោទប្រកាន់ចំៗ តែម្តងថា គ្មាននរណាផ្សេងឡើយ ក្រៅពីអ៊ីរ៉ង់ ដែលនៅពីក្រោយរឿងនេះ ខណៈអ៊ីរ៉ង់ បានចេញមុខទាត់ចោល ការចោទប្រកាន់។

កាលពីប៉ុន្មានខែកន្លងទៅ សម្រាប់ករណីវាយប្រហារ លើកប៉ាល់ដឹកប្រេង នៅដែនសមុទ្រ នៃតំបន់មជ្ឈិមបូព៌ា ទីក្រុងវ៉ាស៊ីនតោន ក៏បានចោទប្រកាន់ថា ជាទង្វើរបស់ទីក្រុងតេហេរ៉ង់ ដូចនេះដែរ គឺភ្លាមៗបន្ទាប់ពី បញ្ហាកើតឡើងតែម្តង។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានប្រេងចំនួន ០២កន្លែង របស់ក្រុមហ៊ុនប្រេងរដ្ឋ អារ៉ាមកូ (Aramco) នៅភាគខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត បានរងការឆាបឆេះ ដោយសារការវាយប្រហារ ដែលគ្រានោះអារ៉ាប៊ីសាអូឌីត អះអាងថា ធ្វើឡើងដោយយន្តហោះដ្រូន តែមិនបានដាក់ការសង្ស័យ លើក្រុមណាជាអ្នកប្រព្រឹត្តឡើយ។

ក្រោយមកក្រុមឧទ្ទាម ហួធី (Houthi) នៅប្រទេសយេម៉ែន ក៏បានចេញមុខប្រកាសថា វាជាស្នាដៃរបស់ពួកគេ តាមរយៈការប្រើយន្តហោះដ្រូនប្រមាណ ១០គ្រឿង។ អ្វីដែលគួរឲ្យកត់សម្គាល់ ប៉ុន្មានខែចុងក្រោយនេះ ក្រុមឧទ្ទាម Houthi បានប្រើដ្រូនវាយ ប្រហារលើព្រលានយន្តហោះ និងមូលដ្ឋានប្រេង របស់អារ៉ាប៊ីសាអូឌីត ជាបន្តបន្ទាប់។ ដោយឡែកជុំវិញការលើកឡើង របស់ អាមេរិកខាងលើនេះ គឺមិនទាន់មានភស្តុតាងណាមួយ អមមកជាមួយនោះឡើយ៕

ដកស្រង់ពី៖ Fresh News