បណ្តាញសង្គម

ប្រធានាធិបតីទួគី និយាយថា ខ្លួន នៅតែចង់ទិញមីស៊ីល Patriot ពីសហរដ្ឋអាមេរិក

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan បាននិយាយថា លោកនឹងពិភាក្សាអំពីការទិញមីស៊ីល Patriot របស់សហរដ្ឋអាមេរិកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ នៅខែនេះ ទោះបីមានសេចក្តីថ្លែងការណ៍ថា ការផ្តល់ជូនរបស់សហរដ្ឋអាមេរិក មិនមាននៅលើតុចរចារតទៅទៀតក៏ដោយ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្សាយកាលពីថ្ងៃសៅរ៍។

លោក Erdogan បានទទូចនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរ៉យទ័រថា “ទំនាក់ទំនងផ្ទាល់ខ្លួន” របស់លោកជាមួយលោក Trump អាចជួយជំនះវិបត្តិ ដែលបណ្តាលមកពីទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី នេះបើយោងតាមកាសែត Daily Sabah ។

ការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-៤០០ របស់ប្រទេសទួគី ដែលជា សម្ព័ន្ធមិត្តណាតូ នៅក្នុងខែកក្កដា គឺបានបង្កើនការរំពឹងទុកនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ការផ្តល់ជូននូវការលក់ប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ទីក្រុងអង់ការ៉ា បានផុតកំណត់ហើយ។

លោក Erdogan បានចង្អុលបង្ហាញថា លោកបានពិភាក្សាទិញ Patriots តាមទូរស័ព្ទជាមួយលោក Trump កាលពី ២ សប្តាហ៍មុន ហើយនឹងរំលឹកសួរឡើងវិញ នៅពេលពួកគេជួបគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

សហរដ្ឋអាមេរិក បានផ្អាកទួគីពីកម្មវិធីយន្តហោះ F-35 ដោយរារាំងទួគីមិនឲ្យទទួលបានយន្តហោះបំបាំងកាយប្រមាណ ១០០ គ្រឿង នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃអង្គារ។