បណ្តាញសង្គម

រកឃើញសាកសព២៩នាក់ដែលត្រូវកាត់ជាកង់ៗច្រកក្នុងថង់ផ្លាស្ទិក នៅទីក្រុងមួយរបស់ម៉ិចស៊ីកូ

(ម៉ិចស៊ីកូ)៖ ក្រុមជំនាញរបស់ម៉ិចស៊ីកូ បានស្រាវជ្រាវ និងរកឃើញសាកសពមនុស្ស យ៉ាងហោចណាស់ ២៩នាក់ ដែលត្រូវបានកាប់ជាកង់ៗ និងញាត់ចូលថង់ផ្លាស្ទិកចំនួន ១១៩ រួចបោះចូលទៅក្នុងរណ្តៅមួយ ស្ថិតនៅជាយទីក្រុង ហ្គាដាឡាហ្សារ៉ា (Guadalajara) ភាគខាងលិច ប្រទេសម៉ិចស៊ីកូ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ តាមពិតទៅក្រុមជំនាញ ម៉ិចស៊ីកូ បានរកឃើញរណ្តៅកប់សាកសព ខាងលើនេះ តាំងតែពីដើមខែកញ្ញានេះមកម្ល៉េះ ប៉ុន្តែគេត្រូវការពេលវេលា ដើម្បីត្រួតពិនិត្យ និងរាប់ចំនួនសាកសព ឲ្យបានជាក់លាក់។

ជុំវិញបញ្ហានេះលោក ជែរ៉ាដូ សូលីស (Gerardo Solis) អគ្គរដ្ឋអាជ្ញាធរនៃរដ្ឋ ហ្សាលីស្កូ (Jalisco) បានប្រាប់សារព័ត៌មាន ក្នុងតំបន់ថា «យើងបានផ្គុំសាកសពចំនួន ១៣នាក់រួចហើយ និង ១៦នាក់ទៀតមិនទាន់ រួចរាល់នៅឡើយទេ ខណៈសាកសពទាំងអស់ មានចំនួន ២៩នាក់»។

គួរបញ្ជាក់តាមអាជ្ញាធរ ម៉ិចស៊ីកូខាងលើនេះថា សាកសពទាំងអស់ ទំនងជាត្រូវបានសម្លាប់ និងកម្ទេចចោល នៅអំឡុងការផ្ទុះអំពើហិង្សា និងសង្គ្រាមប្រឆាំងគ្រឿងញៀន នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការធ្វើកោសល្យវិច្ច័យ កំពុងតែបន្តនៅឡើយ  ខណៈ០៣នាក់ ក្នុងចំណោមនោះត្រូវបាន ក្រុមជំនាញបញ្ជាក់ថា ជាសមាជិកក្រុមគ្រួសារ ដែលបានមកប្តឹងប៉ូលិសថា ពួកគេបានបាត់សមាជិកគ្រួសារ។

ក្នុងចំណោមសាកសព ដែលត្រូវបានកាប់ជាកង់ៗទាំង ២៩នាក់នោះ មានតែពីរនាក់ប៉ុណ្ណោះជាស្ត្រី៕

ដកស្រង់ពី៖ Fresh  News