បណ្តាញសង្គម

អេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចូលរួមក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ក្រោយអារ៉ាប៊ីសាអូឌីត រងការវាយប្រហារ

 (មជ្ឈិមបូព៌ា)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថានឹងចូលរួមជាមួយ ក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការល្បាត និងការពារកប៉ាល់ ដឹកប្រេង ឬទំនិញឆ្លងកាត់ តាមច្រកសមុទ្រ Hormuz។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ប្រធាននាយកដ្ឋាន កិច្ចសហប្រតិបត្តិការ សន្តិសុខអន្តរជាតិ នៃក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួម លោក Salem al-Zaabi បានឱ្យដឹងទៀតថា  អេមីរ៉ាតអារ៉ាប់រួម ធ្វើការសម្រេចចិត្តបែបនេះ ដោយចង់ ចូលរួមចំណែករក្សាសន្តិសុខ ថាមពលសកល និងបន្តផ្គត់ផ្គង់ថាមពលដល់សេដ្ឋកិច្ចសកល។

ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការសម្រេចចិត្តចូលរួម ជាមួយក្រុមចម្រុះ របស់សហរដ្ឋអាមេរិក កើតមានឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ  បន្ទាប់ពីរោងចក្រប្រេង អារ៉ាប៊ីសាអូឌីត ពីរកន្លែងរងការវាយប្រហារ ដោយយន្ដហោះ ដ្រូនកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទថាអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុង តេហេរ៉ង់ បានបដិសេធ ហើយថែមទាំងព្រមានទុកជាមុន ដែរថានឹងចាត់វិធានការ យោធាសងសឹក វិញ ភ្លាមៗ បើសិនជាមានការវាយប្រហារ ណាមួយ មកលើបូរណភាពទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមចម្រុះអន្តរជាតិល្បាតសមុទ្រ ត្រូវបានបង្កើតឡើងដោយ សហរដ្ឋអាមេរិក បន្ទាប់ពី មានការវាយប្រហារ លើកប៉ាល់ដឹកប្រេង ជាច្រើនលើកនៅឯឈូងសមុទ្រអូម៉ង់ កាលពីខែមិថុនា កន្លងទៅ ហើយការវាយប្រហារនេះទៀតសោត ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទថាជាស្នាដៃរបស់អ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធ ជាច្រើនដងក៏ដោយ។

ដោយឡែក ក្រៅពីសហរដ្ឋអាមេរិក ដែលជាក្បាលម៉ាស៊ីន ក្រុមចម្រុះអន្តរជាតិនេះ ក៏មានសមាជិក ដទៃទៀតដូចជា អារ៉ាប៊ីសាអូឌីត អូស្រ្តាលី បារ៉ែន អង់គ្លេស រួមទាំងអេមីរ៉ាតអារ៉ាប់រួម ផងដែរ ដែល នឹងត្រូវចូលក្នុងប្រតិបត្តិការល្បាត និងការពារកប៉ាល់ដឹកប្រេង ឬទំនិញរបស់ពួកគេឆ្លងកាត់តាម ច្រកសមុទ្រ Hormuz, Bab el-Mandab, សមុទ្រអូម៉ង់ និងឈូងសមុទ្រពែក៕

ដកស្រង់ពី៖ Fresh News