បណ្តាញសង្គម

អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏យូរអង្វែងជាមួយអាមេរិក មិនមែនមានតែសុពលភាពតែប៉ុន្មានឆ្នាំនោះឡើយ

(តេហេរ៉ង់)៖ ប្រមុខការទូតប្រទេសអ៊ីរ៉ង់ នាថ្ងៃអាទិត្យបាននិយាយថា ទីក្រុងតេហេរ៉ង់ ស្វាគមន៍ជានិច្ច ប្រសិនបើសហរដ្ឋអាមេរិក ចង់បើកកិច្ចចចារ ដើម្បីសម្រេចកិច្ចព្រមព្រៀង នុយក្លេអ៊ែរដ៏យូរអង្វែងមួយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងកំឡុងនៃការផ្តល់កិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន CBS រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានលើកឡើងដូច្នេះថា «ពួកយើងត្រៀមខ្លួន រួចរាល់ហើយ ដើម្បីចរចាគ្នា ប៉ុន្តែមិនមែនចរចា អំពីអ្វីដែលមានសុពលភាព តែប៉ុន្មានឆ្នាំនោះឡើយ គឺយើងត្រូវការការចរចា អំពីអ្វី ដែលនឹងមានភាពឋិតឋេរជានិរន្តរ៍»។

បើតាមលោក Zarif ឱកាសនៃការចាប់ផ្តើមកិច្ចចរចា គឺនាថ្ងៃពុធសប្តាហ៍នេះ នៅមហាសន្និបាត នៃអង្គការសហប្រជាជាតិ ជាកន្លែងដែលប្រមុខការទូត នៃភាគីជាហត្ថលេខី នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ០៦ គឺអ៊ីរ៉ង់ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី និងសហភាពអឺរ៉ុប នឹងជជែកគ្នា អំពីអនាគតនៃកិច្ចព្រមព្រៀងនេះ។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានច្រានចោលនូវលទ្ធភាព ជួបមុខគ្នាជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅឯទីក្រុងញូយ៉ក។ លោក Zarif បានបកស្រាយថា ច្បាប់របស់សហរដ្ឋអាមេរិក បានរារាំងលោក Pompeo មិន ឲ្យជួបរូបលោក បានបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានកត់ឈ្មោះលោកចូលបញ្ជីខ្មៅ កាលពីខែកក្កដា រួមជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

គួរជម្រាបថា ចាប់តាំងតែពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ប្រទេសទាំងពីរបានបន្ តមានភាពតានតឹងជាមួយគ្នា រហូតមកទល់បច្ចុប្បន្ន៕

ដកស្រង់ពី៖ Fresh News