បណ្តាញសង្គម

ការលុបចោលទស្សនកិច្ចទៅកាន់កសិដ្ឋានអាមេរិក មិនមែនជាសញ្ញាអវិជ្ជមាននៃកិច្ចចរចាពាណិជ្ជកម្មឡើយ, នេះបើតាមសម្តី​មន្រ្តីចិន

(ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់ ផ្នែកកសិកម្មរបស់ចិន លោក Han Jun បាននិយាយថា ប្រទេសលោកពុំបានលុបចោល គម្រោងទស្សនកិច្ ចទៅកាន់កសិដ្ឋាន នៅសហរដ្ឋអាមេរិក ដោយសារតែបញ្ហាប្រឈម នៅក្នុងដំណើរការចរចាពាណិជ្ជកម្ម ជាមួយអាមេរិកឡើយ ខណៈផ្ទុយទៅវិញ កិច្ចពិភាក្សាកាលសប្តាហ៍មុន ដែលមានគោលដៅ ត្រៀមសម្រាប់ការបើកកិច្ចចរចា ជាន់ខ្ពស់ជុំថ្មី នៅខែក្រោយនោះ បានទទួលបានលទ្ធផលយ៉ាងប្រសើរ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីចិនបានលុបចោល គម្រោងធ្វើទស្សនកិច្ ចទៅកាន់កសិដ្ឋានក្នុងរដ្ឋ Montana និង Nebraska របស់អាមេរិក បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សា រយៈពេល០២ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន ខណៈទស្សនកិច្ចនោះ ត្រូវប្រព្រឹត្តទៅ ក្នុងសប្តាហ៍នេះ។

ប្រការនេះក៏បានបង្កឲ្យមាន ការក្តីព្រួយបារម្ភថែមទៀត ជុំវិញកិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិក។ នាពេលនេះលោក Han Jun បានចេញមុខលើកឡើងថា កិច្ចពិភាក្សាត្រៀមជាមួយ ភាគីអាមេរិកកាលពីសប្តាហ៍មុន បានប្រព្រឹត្តទៅយ៉ាងប្រសើរ សម្រាប់ការរៀបចំ ដើម្បីឈានទៅរក ការបើកកិច្ចចរចាជាន់ខ្ពស់ ជុំថ្មីស្តីពីបញ្ហាសង្រ្គាមពាណិជ្ជកម្ម នៅដើមខែតុលាខាងមុខនេះ។

យោងតាមលោក Han Jun ភាគីទាំងពីរជជែកគ្នា យ៉ាងហ្មត់ចត់និងដោយត្រង់ៗ ហើយក៏ទទួលបានលទ្ធផលល្អ ក្នុងវិស័យកសិកម្មផងដែរ។ ជាចុងក្រោយមន្រ្តីចិនរូបនេះ បានគូសបញ្ជាក់ថា គម្រោងទស្សនកិច្ ចទៅកាន់កសិដ្ឋានរបស់អាមេរិកនោះ  ត្រូវបានគ្រោងឡើង ដាច់ដោយឡែកពីកិច្ចពិភាក្សា កាលពីសប្តាហ៍មុន ខណៈភាគីអាមេរិក បាននិយាយថា នឹងធ្វើការអញ្ជើញ ជាថ្មីម្តងទៀត នាពេលក្រោយ។

លោក Han Jun បានបន្ថែមថា ប្រទេសចិនស្ម័គ្រនឹងបន្តពង្រីកការធ្វើពាណិជ្ជកម្ម ពាក់ព័ន្ធវិស័យកសិកម្ មរវាងប្រទេសទាំងពីរ ហើយបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនេះកាន់តែស៊ីជម្រៅ ជាងមុនថែមទៀត៕

ដកស្រង់ពី៖ Fresh News