បណ្តាញសង្គម

អំពើហិង្សាផ្ទុះឡើងនៅខេត្តភាគខាងកើតឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សស្លាប់-របួស៨៥នាក់

 (ប៉ាពួរ)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ៦៥នាក់រងរបួស នៅក្នុងអំពើហិង្សាមួយ ដែលកើតឡើងនៅ ខេត្តប៉ាពួរ (Papua) ស្ថិតនៅភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយការផ្ទុះអំពើហិង្សា និងការបះបោរបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលមតិខ្លះឡើងលើកឡើងថា ជាចេតនាបំបែករដ្ឋ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ  ក្រុមបាតុកររាប់រយ ដែលជាសិស្សវិទ្យាល័យដ៏ដំមួយ បានគប់ភ្លើង ចូលអគារការិយាល័យ រដ្ឋាភិបាលមួយកន្លែង និងអគារជាច្រើនទៀត នៅក្នុងទីក្រុង វ៉ាមែណា (Wamena) ដោយបណ្ដាលឱ្យមនុស្ស ២០នាក់ នៅក្នុងអគារបានស្លាប់បាត់បង់ជីវិត។

ដោយឡែកបើតាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អំពើហិង្សានេះ កើតឡើងដោយសារ គ្រូបង្រៀនម្នាក់ បានប្រដូចកូនសិស្ស ជាជនជាតិដើមប៉ាពួរ (Papua) ទៅនឹង «សត្វស្វា»។

គួរជម្រាបថា ខេត្តប៉ាពួរ (Papua) គឺជាអតីតដែនដី អាណានិគមរបស់ហូឡង់ និងធ្លាប់បានប្រកាស ឯករាជ្យឆ្នាំ១៩៦១ ប៉ុន្តែក្រោយមក ខេត្តមួយនេះ ត្រូវបានបញ្ចូលដោយចម្រូងចម្រាស់ ក្នុងឧបសម្ព័ន្ធក្នុងជាដែនដីមួយ របស់ឥណ្ឌូណេស៊ីវិញ នៅឆ្នាំ១៩៦៩។

ចំណែកឯ ការបោះឆ្នោតប្រជាមតិ ពាក់ព័ន្ធនឹងឯករាជ្យភាព ក៏ធ្លាប់បានធ្វើឡើងផងដែរនៅឆ្នាំ១៩៦៩ ដោយមានប្រជាជនតែជាង ១,០០០នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងការបោះឆ្នោតនេះ។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជាតិនិយមប៉ាពួរ នៅតែបន្តគំនិត ចង់ផ្ដាច់ខ្លួនពី ឥណ្ឌូណេស៊ីដដែល ជាពិសេសគឺនៅក្នុងបាតុកម្មតវ៉ា នារយៈពេលប៉ុន្មាខែចុងក្រោយមកនេះ៕

ដកស្រង់ពី៖ Fresh News