បណ្តាញសង្គម

កូរ៉េខាងត្បូង រាយការណ៍ពីករណីជំងឺគ្រុនជ្រូកអាហ្វ្រិកលើកទី៤

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានរាយការណ៍ពីករណីជំងឺគ្រុនជ្រូកអាហ្វ្រិក ដែលត្រូវបានបញ្ជាក់អះអាងជាករណីទីបួន បន្ទាប់ពីករណីដំបូង ត្រូវបានរកឃើញកាលពីមួយសប្តាហ៍មុន នេះបើយោងតាមក្រសួងកសិកម្ម។

ករណីទី ៤ ត្រូវបានគេប្រទះឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយ នៅឯក្រុង Paju ជាកន្លែងដែលករណីដំបូង ត្រូវបានគេរាយការណ៍នៅថ្ងៃទី ១៧ ខែកញ្ញា។ ករណីទី ២ ត្រូវបានគេរកឃើញនៅ Yeoncheon ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុង Paju ជាទីក្រុងក្បែរព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ហើយករណីទីបីត្រូវបានបញ្ជាក់នៅ Gimpo ដែលមានចម្ងាយតែ ៣០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Seoul កាលពីថ្ងៃចន្ទ។

ចាប់ពីម៉ោង ៧: ៣០ នាទី កាលពីថ្ងៃចន្ទ ក្រសួងកសិកម្មកូរ៉េខាងត្បូង បានចេញបម្រាមគោចរណ៏មួយ រយៈពេល ៤៨ ម៉ោង ដល់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់នៅខេត្ត Gyeonggi និងខេត្ត Gyeonggi ភាគខាងកើត។

ក្នុងកំឡុងពេលហាមឃាត់នេះ រាល់សត្វជ្រូក ឧបករណ៍ពាក់ព័ន្ធ និងមនុស្សទាំងអស់នៅកសិដ្ឋានចិញ្ចឹមជ្រូក មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីលំនៅទេ។ ក្រសួង ក៏បានកំណត់ក្រុងចំនួន ៦ នៃខេត្ត Gyeonggi រួមមានក្រុង Paju, Yeoncheon និង Gimpo ជាតំបន់ដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង កាលពីសប្តាហ៍មុន សម្រាប់ជំងឺឆ្លងខ្លាំងដែលមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលនៅឡើយ។

លទ្ធភាពនៅតែបើកចំហ សម្រាប់ករណីបន្ថែមទៀតនៃជំងឺវីរុសដ៏សាហាវនេះ ដែលអាចត្រូវបានរកឃើញជាបន្តទៀត ដោយផ្តល់ឱ្យរយៈពេលវីរុសរស់រានជីវិត រហូតដល់ 19 ថ្ងៃ។ មកទល់ពេលនេះ ក្រសួង បានសម្លាប់សត្វជ្រូកក្នុងរង្វង់ ៣ គីឡូម៉ែត្រនៃកសិដ្ឋាន ដែលរងផលប៉ះពាល់ គឺមានទំហំធំជាងកាំដែលត្រូវការ ០,៥ គីឡូម៉ែត្រ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។