បណ្តាញសង្គម

លោក Trump និយាយថា គ្មានការប្រជុំណាមួយត្រូវបានកំណត់ពេលជាមួយប្រធានាធិបតី Rouhani របស់អ៊ីរ៉ង់ឡើយ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទនេះ ថា លោកគ្មានផែនការជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់រូហានី Hassan Rouhani នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ឡើយ។

នៅពេលត្រូវបានគេសួរអំពីលទ្ធភាព នៃការប្រជុំជាមួយរូហានី នៅទីក្រុងញូវយ៉កនៅសប្តាហ៍នេះ លោក Trump បាននិយាយថា មិនមានការប្រជុំបែបនេះ ត្រូវបានកំណត់ពេលទេ ប៉ុន្តែគាត់មិនដែលបដិសេធអ្វីទាំងអស់។

ដូចគ្នានេះផងដែរ នៅថ្ងៃច័ន្ទលោក Trump បានបង្ហាញថា លោកនឹងនិយាយពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថារបស់លោក នៅឯមហាសន្និបាតនៅព្រឹកថ្ងៃអង្គារនេះ។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលលទ្ធភាពនៃការប្រជុំណាមួយ រវាងលោករូហានី និងលោក Trump ក្នុងអំឡុងពេលកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅញូវយ៉ក។

សហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទៅលើរោងចក្រផលិតប្រេង នៅភាគខាងកើតប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីដើមខែនេះ ដែលរដ្ឋាភិបាលក្រុង Tehran បានបដិសេធ។

កាលពីថ្ងៃសុក្រ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសយុទ្ធនាការចុងក្រោយនៃសម្ពាធអតិបរិមាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ រួមទាំងការដាក់ទណ្ឌកម្មដែលផ្តោតលើធនាគារកណ្តាលអ៊ីរ៉ង់ និងមូលនិធិអភិវឌ្ឍន៍ជាតិរបស់អ៊ីរ៉ង់ ក៏ដូចជាការដាក់ពង្រាយទ្រព្យសម្បត្តិយោធាអាមេរិកបន្ថែមទៀតទៅកាន់ឈូងសមុទ្រ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃ អង្គារ។