បណ្តាញសង្គម

ខណៈក្រុមហ៊ុន Airbus នៅអឺរ៉ុបត្រូវរងគ្រោះដោយការដំឡើងពន្ធពីអាមេរិក រោងចក្រក្រុមហ៊ុននេះនៅរដ្ឋ Alabama អាចរួចខ្លួន...

(វ៉ាស៊ីនតោន)៖ រោងចក្ររបស់ក្រុម ហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ដែលស្ថិតនៅរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក ត្រូវបានលើកលែង ពីការដំឡើងពន្ធ ទៅលើក្រុមហ៊ុន Airbus របស់បារាំងនៅអឺរ៉ុប។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

ខណៈយន្តហោះ របស់ក្រុមហ៊ុន Airbus ដែលដំឡើងនៅអឺរ៉ុប នឹងត្រូវជាប់ពន្ធ ១០ភាគរយ ក្រោយអង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចអនុញ្ញាត ឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មលើទំនិញ របស់សហភាពអឺរ៉ុប គ្រឿងបរិក្ខាសម្រាប់ ដំឡើងយន្តហោះ ដែលត្រូវដឹកមកកាន់ រោងចក្ររបស់ Aibus ក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋ Alabama នឹងមិនរងផលប៉ះពាល់ ពីចំណាត់ការនេះឡើយ។

ការសម្រេចដូចខាងលើ បានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំរបស់ទីក្រុង Mobile និងក្រុមអ្នកតាក់តែង ច្បាប់នៃរដ្ឋ Alabama បានខិតខំប្រឹងប្រែង បញ្ចុះបញ្ចូល ឲ្យរដ្ឋាភិបាលអាមេរិក ផ្តល់ការលើកលែង ដល់រោងចក្ររបស់ Airbus នៅទីនោះ ដោយលើកហេតុផលថា វាអាចបំផ្លាញការងារប្រមាណ ១,០០០កន្លែងឯណោះ ខណៈរដ្ឋ Alabama មានអ្នកគាំទ្រលោក ត្រាំ ច្រើនកាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ហើយលោកហាក់នៅបន្តទទួលបានសំឡេងគាំទ្រយ៉ាងរឹងមាំដដែល នៅក្នុងរដ្ឋមួយនេះ។

គួរជម្រាបថា ក្រុមហ៊ុន Airbus បានបើករោងចក្រក្នុងទីក្រុង Mobile កាលពីឆ្នាំ២០១៥។ រោងចក្រនេះផលិត ក្រុមយន្តហោះស៊េរី A320- បានចំនួន ០៤គ្រឿងក្នុងមួយខែៗ បើទោះបីជាចំនួនតិច ក៏ដោយក៏វាត្រូវបាន គេមើលឃើញថា មានសារសំខាន់ សម្រាប់ ផែនការរបស់ក្រុមហ៊ុន Airbus ក្នុងការបង្កើនចំនួនយន្តហោះ ដែលផលិតឡើងនៅជុំវិញពិភពលោក។

ពាក់ព័ន្ធនឹងការដំឡើងពន្ធវិញ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនរំពឹងសហភាពអឺរ៉ុប នឹងចូលមកចរចាគ្នា ប៉ុន្តែបានគូសបញ្ជាក់ថា អាមេរិកមានសិទ្ធិបង្កើនពន្ធឲ្យកាន់តែខ្ពស់ថែមទៀត ឬកែប្រែបញ្ជីនៃផលិតផលដែលរងការប៉ះពាល់ក៏បានដែរ៕

ដកស្រង់ពី៖ Fresh News