បណ្តាញសង្គម

ការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ នាំឲ្យមនុស្សស្លាប់កើនដល់៣១នាក់ និងជិត១,២០០នាក់របួស

(បាកដាដ)៖ ចំនួនមនុស្សស្លាប់ ក្នុងបាតុកម្មដ៏ក្តៅគគុក នៅប្រទេសអ៊ីរ៉ាក់បានកើនដល់ ៣១នាក់ ខណៈជិត ១,២០០នាក់ទៀតបានទទួលរងរបួស ខណៈអ្នកវិភាគមួយចំនួន បានគំរាមថា រដ្ឋប្រហារមួយអាចនឹងផ្ទុះឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រភពពីឧត្តមស្នងការ សិទ្ធិមនុស្សប្រចាំនៅអ៊ីរ៉ាក់ បានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិត បានកើនដល់ ៣១នាក់ រីឯអ្នករងរបួសបានកើនដល់ ១,១៨៨នាក់ ក្នុងបាតុកម្មដែលបានចាប់ផ្តើម ផ្ទុះឡើងតាំងតែពីថ្ងៃអង្គារ ហើយកំពុងបន្តរីករាលដាលកាន់ខ្លាំង នៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi)។

នៅតាមតំបន់ដទៃទៀត នៃប្រទេសអ៊ីរ៉ាក់ ក៏មានសកម្មភាព តវ៉ាស្រដៀងគ្នានេះដែរ។ គួរជម្រាបថា អាជ្ញាធរអ៊ីរ៉ាក់បានដាក់ចេញបម្រាមគោចរ នៅទីក្រុងបាកដាដ ព្រមទាំងតំបន់មួយចំនួនទៀត ប៉ុន្តែការធ្វើបាតុកម្មនៅតែបន្ត។ មិនតែប៉ុណ្ណោះ អាជ្ញាធរអ៊ីរ៉ាក់ ក៏បានបិទបណ្តាញអ៊ីនធឺណែត នៅទូទាំងរដ្ឋធានីបាកដាដ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។

ជាមួយគ្នានេះ ការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ។ ក្រុមបាតុករទាំងនេះ នាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារ ឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារ ចំពោះអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ៕

ដកស្រង់ពី៖ Fresh News