បណ្តាញសង្គម

រដ្ឋមន្រ្តីសន្តិសុខឥណ្ឌូនេស៊ី ត្រូវបានវាយប្រហារ ដោយកាំបិត ពីសំណាក់បុរសម្នាក់

រូបភាពពីប៉ូលីស និងទូរទស្សន៏ បានបង្ហាញថា បុរសម្នាក់មានកាន់កាំបិត បានធ្វើការវាយប្រហារលើប្រធានរដ្ឋមន្រ្តីសន្តិសុខឥណ្ឌូនេស៊ីលោក Wiranto កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទៅកាន់ទីក្រុងមួយ នៅកោះជ្វា។

រូបភាពទូរទស្សន៏ បានបង្ហាញថា លោករដ្ឋមន្រ្តី បានចេញពីឡានមួយនៅ Pandeglang ក្នុងខេត្ត Banten មុនពេលគាត់ត្រូវបានគេវាយប្រហារ និងដួលទៅលើដី។ ប៉ូលីស បាននិយាយថា អ្នកវាយប្រហារនោះ គឺមានការពាក់ព័ន្ធនឹងរ៉ាឌីកាល់ ISIS ។

រូបថតរបស់ប៉ូលីស បានបង្ហាញរូបលោករដ្ឋមន្រ្តី ដែលជាអតីតឧត្តមសេនីយម្នាក់ ត្រូវបានគេលើកយកសែងទៅមន្ទីរពេទ្យក្បែរនោះ។ មន្រ្តី បានដាល់ជនសង្ស័យដួលដល់ដី ហើយរូបភាពដែលត្រូវបានផ្តល់ដោយប៉ូលីស បានបង្ហាញអោយឃើញជនសង្ស័យ មានពាក់អាវខ្មៅ និងខោខ្លី ដោយដៃ និងជើងរបស់គាត់ ត្រូវបានពាក់របាំងការពារ។

ស្ថានភាពរបស់លោករដ្ឋមន្រ្តី មានស្ថេរភាពហើយនៅពេលនេះ ហើយលោក កំពុងត្រូវបានគេផ្ទេរទៅមន្ទីរពេទ្យនៅរដ្ឋធានីហ្សាកាតា។ លោក Wiranto អាយុ ៧២ ឆ្នាំ បានបម្រើការជាប្រធានសន្តិសុខ នៅក្នុងខុទ្ទកាល័យប្រធានាធិបតី Joko Widodo តាំងពីឆ្នាំ ២០១៦ ។

ការតែងតាំងរបស់គាត់ បានធ្វើឱ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្សចំពោះការចូលរួមរបស់គាត់ ជាប្រធានកងកម្លាំងប្រដាប់អាវុធក្នុងភាពវឹកវរបង្ហូរឈាមនៅកោះទីម័រខាងកើត។

លោក Wiranto ត្រូវបានចោទប្រកាន់ដោយក្រុម UN ជុំវិញការបង្ហូរឈាម ពាក់ព័ន្ធនឹងការបោះឆ្នោតឯករាជ្យភាពរបស់កោះទីម័រ កាលពីឆ្នាំ ១៩៩៩ នៅពេលដែលមនុស្សប្រហែល ១.០០០ នាក់ ត្រូវបានសម្លាប់។ លោក Wiranto បានបដិសេធរាល់ការធ្វើខុស នៅទីម័រខាងកើត នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍្ត។