បណ្តាញសង្គម

ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសជប៉ុន នៅតែបន្តប្រញាប់ប្រញាល់ ខណៈចំនួនជនរងគ្រោះពីព្យុះទីហ្វុង បានកើនឡើងដល់ ៧០ នាក់

ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសជប៉ុន បានធ្វើការមិនឈប់ឈរ កាលពីថ្ងៃអង្គារ ក្នុងការរុករកយ៉ាងអស់សង្ឃឹមកាន់តែខ្លាំងឡើង សម្រាប់អ្នកដែលរួចផុតពីព្យុះទីហ្វុង នាចុងសប្តាហ៍ដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាង ៧០ នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏រាលដាល។

ព្យុះ Hagibis បានវាយលុកចូលប្រទេសជប៉ុន នៅយប់ថ្ងៃសៅរ៍ ដោយបក់បោកខ្លាំង និងភ្លៀងដែលមិនធ្លាប់មាន និងបណ្តាលឱ្យមានការបាក់ដី និងបណ្តាលឱ្យទឹកទន្លេរាប់សិប បានបាក់ច្រាំង។

គិតត្រឹមយប់ថ្ងៃអង្គារ ទូរទស្សន៍រដ្ឋ NHK បានផ្សាយចំនួនអ្នកស្លាប់កើនឡើងដល់ ៧២ នាក់ ដោយមានមនុស្សប្រហែល ១២ នាក់បានបាត់ខ្លួន។ តួលេខសរុបរបស់រដ្ឋាភិបាល គឺមានចំនួនទាបជាង ប៉ុន្តែ នឹងមានការធ្វើបច្ចុប្បន្នភាពព័ត៌មានបន្តទៀត។

នាយករដ្ឋមន្រ្តី Shinzo Abe បាននិយាយថា មិនមានផែនការដើម្បីបន្ថយប្រតិបត្តិការជួយសង្គ្រោះនោះទេ ដោយមានប៉ូលីសឆ្មាំឆ្នេរសមុទ្រ អ្នកពន្លត់អគ្គីភ័យ និងកងទ័ពប្រមាណ ១១ ម៉ឺននាក់ចូលរួម។

បច្ចុប្បន្ននេះនៅក្នុងតំបន់ដែលរងការខូចខាត ការងារជួយសង្គ្រោះ និងការស្វែងរកអ្នកដែលកំពុងបាត់ខ្លួន កំពុងបន្តជារៀងរាល់ម៉ោង នេះបើតាមសំដីលោក Abe ប្រាប់ដល់សភា។ ការិយាល័យរបស់នាយករដ្ឋមន្រ្តី បាននិយាយថា មនុស្សជាង ៣ពាន់នាក់ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះមហន្តរាយដែលបានប៉ះពាល់ដល់ ៣៦ នៃខេត្តទាំង ៤៧ របស់ប្រទេស។

ក្រសួងការពារជាតិ បានកោះហៅកងទ័ពបម្រុងរាប់រយនាក់ បន្ថែមលើទាហានបំពេញភារកិច្ចសកម្ម ជាលើកដំបូងចាប់តាំងពីការរញ្ជួយដីនិងរលកយក្សស៊ូណាមី កាលពីឆ្នាំ ២០១១ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីល្ងាចថ្ងៃអង្គារ ។