បណ្តាញសង្គម

កងទ័ពស៊ីរី ចូលទៅក្នុងមូលដ្ឋានទ័ពឃឺដដ៏សំខាន់ ប្រចាំទីក្រុង Manbij

កងទ័ពស៊ីរី បានចូលទៅកាន់ទីក្រុង Manbij នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីបានបាត់បង់ទីក្រុងមួយនេះកាលពីឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយកងកម្លាំងឃឺដ ក្នុងការគ្រប់គ្រងទីក្រុង ដើម្បីបញ្ចៀសការវាយប្រហាររបស់ទួគីនៅក្នុងតំបន់នោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយថា កាលពីថ្ងៃចន្ទ កងទ័ព បានចូលទីក្រុង Manbij ក្នុងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរីមួយថ្ងៃបន្ទាប់ពីកងទ័ពស៊ីរី បានប្រកាសថា ខ្លួនកំពុងឆ្ពោះទៅតំបន់ភាគខាងជើង ដើម្បីប្រឆាំងនឹងការវាយប្រហារយោធារបស់ទួគី លើតំបន់កាន់កាប់ដោយពួកឃឺដ។

កាលពីថ្ងៃពុធសប្តាហ៍មុន ប្រទេសទួគី និងក្រុមឧទ្ទាមក្នុងតំបន់ បានចាប់ផ្តើមការវាយប្រហារ ដើម្បីកម្ចាត់កងកម្លាំងឃឺដនៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបញ្ចប់នូវអ្វីដែលប្រទេសទួគីយល់ថា ជាការគំរាមកំហែងនៃក្រុមភេវរករ និងក្រុមបំបែកខ្លួននៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន និងដើម្បីដាក់តំបន់សុវត្ថិភាពមួយ ដើម្បីទទួលជនភៀសខ្លួនស៊ីរីរាប់លាននាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។