បណ្តាញសង្គម

ហ្វូងជ្រូករបស់ប្រទេសចិន នឹងកើនឡើងវិញនៅឆ្នាំ ២០២០ បន្ទាប់ពីការបំផ្លិចបំផ្លាញជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

មន្ត្រីមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថភាពផលិត-កម្មជ្រូករបស់ប្រទេសចិន គួរតែធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលបានបំផ្លាញចំនួនសត្វជ្រូកធំបំផុតរបស់ពិភពលោក ដោយបានព្យាករណ៍ថា នឹងមានការត្រឡប់មកវិញនូវចំនួនជ្រូកធម្មតា នៅឆ្នាំ ២០២០ ខាងមុខនេះ។

ទោះយ៉ាងណាអ្នកវិភាគ បាននិយាយថា ពេលវេលាដែលកំណត់នោះ ហាក់ដូចជាមហិច្ឆតាបន្តិចហើយ ដោយជំងឺនេះ នៅតែរីករាលដាលនៅតាមផ្នែកខ្លះនៃប្រទេស ហើយហ្វូងសត្វជាច្រើន បានស្លាប់។ ការរាតត្បាតជ្រូកពេញមួយឆ្នាំ បានបំផ្លាញហ្វូងជ្រូកនៅប្រទេសចិនជាង ៤០ ភាគរយ ហើយបានជំរុញឱ្យតម្លៃសាច់ដែលជាទីពេញនិយមរបស់ប្រទេសឈានដល់កម្រិត។

នៅក្នុងសន្និសីទខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ នាយកការិយាល័យចិញ្ចឹមសត្វ និងបសុសត្វ នៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បាននិយាយថា ស្តុកសត្វជ្រូកនៅតាមកសិដ្ឋានធំៗ បានចាប់ផ្តើមស្ទុះងើបឡើងវិញហើយ។

ផលិតកម្មជ្រូក បានកើនឡើងវិញយ៉ាងឆាប់រហ័ស នៅតាមកសិដ្ឋានដែលសម្លាប់សត្វជ្រូកជាង ៥.០០០ ក្បាលក្នុងមួយឆ្នាំ។ ស្តុកសត្វ បានឈានដល់ចំនួន ៤៤,៤៦ លានក្បាល នៅក្នុងខែកញ្ញា គឺកើនឡើង ០,៦ ភាគរយ ធៀបនឹងខែមុន ខណៈពេលដែលការចិញ្ចឹម បានកើនឡើង ៣,៧ ភាគរយ ដល់ ៦,១០ លានក្បាល។

ខេត្តដែលផលិតសំខាន់ៗ រួមមាន Henan, Shandong, និង Liaoning ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ នៅក្នុងស្តុកសាច់ជ្រូកនៅក្នុងខែកញ្ញាកន្លង នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។