បណ្តាញសង្គម

លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង ក្រោយប៉ូលិសប្រើកាណុងបាញ់ទឹកពណ៌ ចំព្រះវិហារមួយកន្លែង ពេលបង្រ្កាបក្រុមបាតុករ

 (ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam នាថ្ងៃចន្ទនេះ បានសុំទោស សហគមន៍អ៊ីស្លាម នៅហុងកុង ក្រោយពី ប៉ូលិសបានប្រើកាណុងបាញ់ទឹកពណ៌ ត្រូវចំលើព្រះវិហារអ៊ីស្លាមមួយកន្លែង ពេលព្យាយាមបង្រ្កាបក្រុមបាតុករ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃចន្ទនេះ មុនត្រូវចេញដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជជប៉ុន លោកស្រី Carrie Lam បានឆ្លៀតចុះទៅព្រះវិហារខាងលើ ដែលស្ថិតក្នុងតំបន់ Kowloon ហើយសុំទោសថ្នាក់ដឹកនាំ សហគមន៍អ៊ីស្លាម ដែលរស់នៅក្នុង ទីក្រុងហុងកុង ចំពោះកំហុសឆ្គង ដោយអចេតនារបស់ប៉ូលិសហុងកុង។

តំណាងសហគមន៍អ៊ីស្លាម បានទទួលយកការសុំទោស នេះ និងបានបង្ហាញក្តីសង្ឃឹមថា ពួកគេនៅតែចង់បន្តរស់នៅ ក្នុងទីក្រុងហុងកុង ដោយសន្តិភាព។

គួរជម្រាបថា បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅតែមានការប៉ះទង្គិចគ្នា កើតឡើងយ៉ាងក្តៅគគុកដដែល រវាងក្រុមបាតុករ និងប៉ូលិសបង្រ្កាបបាតុកម្ម ដោយមានការចោលគ្រាប់បែកសាំងពីក្រុមអ្នកតវ៉ា និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុង បាញ់ទឹកពណ៌ពីសំណាក់ប៉ូលិសហុងកុង។

នៅតំបន់ Kowloon ក្រុមបាតុករបានដុតបំផ្លាញ ក៏ដូចជាវាយកម្ទេចហាងទំនិញ និង ស្ថានីយរថភ្លើងជា ច្រើនកន្លែង។ គិតចាប់តាំងពីចលនាបាតុកម្មបានចាប់ផ្តើមឡើងកាលពីខែមិថុនា មនុស្សជាង២,៦០០នាក់ ហើយ ត្រូវបានចាប់ខ្លួន៕

ដកស្រង់ពី៖ Fresh News