បណ្តាញសង្គម

កងទ័ពអាមេរិក ឆ្លងចូលប្រទេសអ៊ីរ៉ាក់ ពីខាងប្រទេសស៊ីរី

សាក្សីរ៉យទ័រ បាននិយាយកាលពីថ្ងៃច័ន្ទថា ទាហានសហរដ្ឋអាមេរិកបានឆ្លងដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ពីប្រទេសស៊ីរី តាមរយៈការឆ្លងកាត់ព្រំដែន Sahela នៅខេត្ត Dohuk ភាគខាងជើង។

រូបភាពរ៉យទ័រ បានបង្ហាញរថពាសដែក ដឹកកងទ័ពចូលអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការដកទ័ពរបស់អាមេរិក ចេញពីប្រទេសស៊ីរី។ អ្នកថតរូបឲ្យកាសែតរ៉យទ័រ បានឃើញយាន្តជាង ១០០ គ្រឿងឆ្លងកាត់។

ប្រភពសន្តិសុខឃឺដអ៊ីរ៉ាក់ ក៏បានប្រាប់រ៉យទ័រថា កងទ័ពអាមេរិក បានឆ្លងចូលតំបន់ពាក់កណ្តាលស្វ័យភាពឃឺដអ៊ីរ៉ាក់។ ប្រភពដដែល បានបន្តទៀតថា មានរថយន្តសណ្តោង និងរថយន្តហាំម័រចំនួន ៣០ គ្រឿង ដឹករថពាសដែកធំៗ ឆ្លងកាត់ដោយមានកងទាហានជិះក្នុងរថយន្តជាច្រើនគ្រឿង។ ប្រភពសន្តិសុខទី ២ នៅ Mosul ក៏បាននិយាយដែរថា កងទ័ពអាមេរិក បានឆ្លងចូលអ៊ីរ៉ាក់ ពី Sahela ។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពទាំងអស់ជិត ១.០០០ នាក់ ដែលបានចាកចេញពីភាគខាងជើងប្រទេសស៊ីរី ត្រូវរំពឹងថា នឹងផ្លាស់ទៅកាន់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់វិញ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងដើម្បីជួយការពារប្រទេសអ៊ីរ៉ាក់។

កាលពីថ្ងៃព្រហស្បតិ៍ប្រទេសទួគី បានព្រមព្រៀងជាមួយអនុប្រធានា-ធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដើម្បីផ្អាកការវាយលុក ចូលភាគឥសាននៃប្រទេសស៊ីរី រយៈពេល ៥ ថ្ងៃ ដើម្បីទុកពេលវេលា ឲ្យក្រុមយុទ្ធជនឃឺដ ដកខ្លួនចេញពី “តំបន់សុវត្ថិភាព” ដែលទីក្រុងអង់ ការ៉ា មានបំណងបង្កើតនៅក្បែរព្រំដែនរបស់ខ្លួន ជាមួយប្រទេសស៊ីរី នេះបើតាមការផ្សាយរបស់ Channel News Asia ដោយដកស្រង់ចេញពីកាសែត Reuter កាលពីព្រឹកថ្ងៃចន្ទ។