បណ្តាញសង្គម

សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង

 (ព្រុចសែល)៖ ប្រភពស្និទ នឹងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថា សហភាពអឺរ៉ុប ទំនងជានឹងយល់ព្រម ពន្យារពេលការចាកចេញ ពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។ សេចក្ដីរាយការណ៍ខាងលើ កើតមានឡើង នៅមុនពេលមន្ត្រីការទូត នៃប្រទេសជាសមាជិក សហភាពអឺរ៉ុបចំនួន២៧ ត្រូវជួបប្រជុំគ្នា នៅព្រឹកថ្ងៃចន្ទនេះ  (ម៉ោងនៅព្រុចសែល) ដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើ Brexit។

ប្រភព ស្និទនឹងលោក ម៉ាក្រុង បានឱ្យដឹងដូច្នេះថា៖«វាទំនងជានឹងមានកិច្ចព្រមព្រៀងមួយ នៅព្រឹកថ្ងៃចន្ទនេះ រវាងបណ្ដាប្រទេសជាសមាជិក សភាពអឺរ៉ុបទាំង២៧ ស្ដីពីការពន្យារពេល Brexit រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០»។

គួរបញ្ជាក់ថា បើសិនជាមានកិច្ចព្រមព្រៀងមែន នោះវានឹងក្លាយជាការពន្យារពេល Brexit ជាលើកទី៣ តែបើគ្មាន វិញ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបតាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះ៕

ដកស្រង់ពី៖ Fresh News