បណ្តាញសង្គម

ការប៉ះទង្គិចគ្នា នៅអាហ្គានីស្ថាន

ក្រសួងមហាផ្ទៃរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាង ហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ១១ នាក់ ត្រូវបានសម្លាប់ និង៩ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងខេត្ត Jawzjan ភាគខាងជើងរបស់ប្រទេសអាហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍ បានប្រាប់ថា អ្នកដែលរងរបួស រួមមានមេដឹកនាំ តាលីបង់ប្រចាំតំបន់ ដែលបានបម្រើការជាប្រធានស្រុកស្រមោល សម្រាប់ស្រុក Qarqin ដែលនៅជិតខាង ដោយមិនបានបន្ថែមថាតើមានអ្នកស្លាប់ និងរបួសនៅខាងកងកម្លាំងសន្តិសុខ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលគ្រប់គ្រងតំបន់មួយចំនួន នៃខេត្តមានភ្នំ ប្រើប្រាស់ដីរកេតរកូត និងថ្មភ្នំ ធ្វើជាកន្លែងលាក់ខ្លួន ហើយបានបើកការវាយប្រហារជាញឹកញាប់ ប្រឆាំងនឹងកម្លាំងសន្តិសុខ។

ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅទូទាំងប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ។ ការប៉ះទង្គិចគ្នារវាងកងកំលាំងសន្តិសុខ និងពួកតាលីបង់ បាននិងកំពុងបន្តនៅក្នុងខេត្តភាគច្រើន នៃខេត្តចំនួន ៣៤ ចាប់តាំងពីដើមខែមេសា នៅពេលដែលតាលីបង់ បានបើកការវាយប្រហារឧទ្ទាមប្រចាំឆ្នាំ។ ក្រុមសកម្មប្រយុទ្ធ មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេរហូតមកដល់ពេលនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពី ថ្ងៃអាទិត្យ។