បណ្តាញសង្គម

កម្លាំងឃឺដ ចាប់ផ្តើមដកថយពីខ្សែព្រំដែនស៊ីរី - ទួគី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំង ប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយជនជាតិឃឺដ នៅថ្ងៃអាទិត្យនេះ បាន ចាប់ផ្តើមដកខ្លួនចេញពីព្រំដែនស៊ីរី-ទួគី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយរវាងប្រទេសរុស្ស៊ី - ទួគី នាពេលថ្មីៗនេះ។

ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ត្រូវបានទូរទស្សន៍រុស្ស៊ី Today ដកស្រង់សម្តីថា ការដកចេញពីខ្សែព្រំដែន កើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានធានាដល់កងកម្លាំងឃឺដ ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ កងទ័ពស៊ីរី បានបញ្ជូនទាហានរាប់ពាន់នាក់ ទៅដាក់ពង្រាយនូវកន្លែង ដែលកងកំលាំងឃឺដ កំពុងដកថយ។

កាលពីថ្ងៃទី ៩ ខែតុលា ទួគី បានបើកប្រតិបត្តិការបោសសម្អាតកងជីវពលឃឺដ ពីភាគខាងជើងប្រទេសស៊ីរី។ នៅថ្ងៃទី ១៣ ខែតុលា រដ្ឋបាលដែលដឹកនាំដោយពួកឃឺដ នៅភាគខាងជើងប្រទេសស៊ីរី បាននិយាយថា កងទ័ពស៊ីរី នឹងដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាមួយប្រទេសទួគី ដើម្បីជួយបង្ក្រាបការវាយលុករបស់ទួគី។

នៅថ្ងៃទី ១៧ ខែតុលា សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសទួគី ដោយដាក់បទឈប់បាញ់ រយៈពេល ៥ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យកងកម្លាំងឃឺដ ដកថយចេញពីតំបន់សុវត្ថិភាពគ្រោងទុក ដែលទួគី ចង់បង្កើតនៅក្នុងភាគខាងជើងប្រទេសស៊ីរី។

នៅថ្ងៃទី ២២ ខែតុលា ប្រធានាធិបតីទួគី និងសមភាគីរុស្ស៊ី បានបើកកិច្ចប្រជុំមួយ ដោយឯកភាពលើព្រំដែននៃតំបន់សុវត្ថិភាព ដែលទួគី ស្នើឡើង។

កងជីវពលឃឺដ និងកងការពារប្រជាជនរបស់ខ្លួន នឹងត្រូវដកចេញចម្ងាយ៣០គ.ម ពីភាគខាងត្បូងព្រំដែនទួគី ក្នុងរយះពេល ១៥០ម៉ោង។ យោងតាមកិច្ចព្រមព្រៀងនេះ ការល្បាតរួមគ្នាដោយកងកម្លាំងទួគី និងរុស្ស៊ី នឹងគ្របដណ្តប់តំបន់នោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។